ឆ្នាំទី១ នៃផែនការ៥ឆ្នាំលើកទី១៥៖ បង្កើនឥស្សរភាពដល់សន្តិភាព និងការអភិវឌ្ឍសកល
ភ្នំពេញ៖ លោក បណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ថា ឆ្នាំ២០២៦ គឺជាឆ្នាំដ៏មានអត្ថន័យ ព្រោះជាឆ្នាំទី១ នៃការអនុវត្តផែនការ៥ឆ្នាំលើកទី១៥ របស់ចិន សម្រាប់រយៈពេល ២០២៦–២០៣០ ហើយក៏ជាខួប៥ឆ្នាំនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI)។ ផែនការ៥ឆ្នាំ លេីកទី១៥ ក៏បានរំលេចពីទំនាក់ទំនងជិតស្និទ្ធរវាងការអភិវឌ្ឍ សន្តិសុខ និងសន្តិភាព។
ផែនការ៥ឆ្នាំលើកទី១៥ ផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាព ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍបៃតង ការលើកកម្ពស់ជីវភាពប្រជាជន និងការបើកទូលាយ។ ការអភិវឌ្ឍរបស់ចិនក្នុងដំណាក់កាលថ្មីនេះ ក៏ភ្ជាប់ជាមួយការចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើតឱកាសអភិវឌ្ឍរួម។លោកបន្តថា ក្នុងសារអបអរសាទរខួប៥ឆ្នាំនៃ GDI លោក Xi Jinping ប្រធានរដ្ឋចិន បានមានប្រសាសន៍ថា៖ “«ការអភិវឌ្ឍ គឺជាប្រធានបទដ៏ចម្បងអាទិភាពបំផុតជានិច្ចរបស់សង្គមមនុស្ស ហើយជាគន្លឹះសម្រាប់លើកកម្ពស់សុខុមាលភាពរបស់មនុស្សជាតិ» ។ លោកប្រធាន រដ្ឋចិនក៏បានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមក ដោយមានការខិតខំរួមពីគ្រប់ភាគី គម្រោងសហប្រតិបត្តិការក្រោម GDI បានចាក់ឫស និងទទួលបានលទ្ធផលនៅក្នុងប្រទេសជាង១២០ ដោយបើកជំពូកថ្មីនៃការអភិវឌ្ឍរួម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ទស្សនៈនេះបង្ហាញថា ការអភិវឌ្ឍមិនមែនជាបញ្ហារបស់ប្រទេសណាមួយតែឯងទេ ប៉ុន្តែជាប្រធានបទរួមរបស់មនុស្សជាតិ។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម បច្ចេកវិទ្យា សុខាភិបាល ការអប់រំ និងធនធានមនុស្ស អាចបង្កើតឱកាសថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះ ខួប៥ឆ្នាំនៃ GDI បានរំលេចថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ ខណៈការអភិវឌ្ឍដែលមានបរិយាបន្ន និងប្រកបដោយចីរភាព ក៏អាចជួយពង្រឹងស្ថិរភាព និងសន្តិភាពផងដែរ។ ដូច្នេះ GDI ផ្តោតលើការជំរុញកម្លាំងអភិវឌ្ឍ និងសុខុមាលភាព និង ផ្តោតលើការបង្កើតបរិយាកាសសន្តិភាព និងសន្តិសុខសម្រាប់ការអភិវឌ្ឍ។
សម្រាប់ពិភពលោក ដោយមានចិនជាយុថ្កាលំនឹងសកល ឆ្នាំ២០២៦ គឺជាឱកាសមួយសម្រាប់ពង្រឹងការយល់ឃើញថា សន្តិភាពបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ ការអភិវឌ្ឍពង្រឹងមូលដ្ឋានសម្រាប់សន្តិភាព ហើយកិច្ចសហប្រតិបត្តិការជាស្ពានភ្ជាប់គោលដៅទាំងពីរ។ ក្នុងន័យនេះ ឆ្នាំទី១ នៃផែនការ៥ឆ្នាំលើកទី១៥ និងខួប៥ឆ្នាំនៃ GDI អាចក្លាយជាចំណុចសំខាន់មួយក្នុងការបង្កើនឥស្សរភាពនៃសន្តិភាព ការអភិវឌ្ឍរួម និងសុខុមាលភាពរបស់មនុស្សជាតិ៕



Post a Comment