ឯកឧត្តម នេត្រ ភក្ត្រា៖ អំពើល្អរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើបក្ស
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា អំពើល្អរបស់មន្ត្រីគណបក្សបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យជម្នះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា។
ការលើកឡើងបែបនេះរបស់ឯកឧត្តមបានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ
ទី២ ខែសីហា ឆ្នាំ២០២៦
ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត
ព្រមទាំងពិធីប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន។
ពិធីនេះបានប្រព្រឹត្តទៅនៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជន រាជធានីភ្នំពេញ
ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
នៃក្រសួងព័ត៌មាន ព្រមទាំងសមាជិក សមាជិកាគណបក្សក្រសួងព័ត៌មានជាង ៨០០នាក់។
ឯកឧត្តម នេត្រ ភក្ត្រា
បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក
និងសមាជិកាគណបក្សប្រជាជនកម្ពុជា ក្រសួងព័ត៌មានទាំងអស់
ដែលបានលះបង់ពេលវេលាដ៏មានតម្លៃចូលរួមប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត
ដើម្បីធ្វើយ៉ាងណាឱ្យមានភាពឹងមាំ
និងមានការឯកភាពផ្ទៃក្នុងប្រកបដោយស្មារតីទទួលខុសត្រូវ។
នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា
ក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សឱ្យបន្តថែរក្សាអំពើល្អ
ខិតខំប្រឹងប្រែងបង្កើនអំពើល្អ
និងមិនត្រូវឆ្អែតឆ្អន់នឹងអំពើល្អដែលបានធ្វើបម្រើប្រជាពលរដ្ឋឡើយ
តាមរយៈផ្តល់សេវាសាធារណៈ សេវាសំណូមពរ និងសេវាតម្រូវការ។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា បានគូសបញ្ជាក់ថា
គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំង
និងទទួលបានបោះឆ្នោតគាំទ្រនៅរៀងរាល់ការបោះឆ្នោតដើម្បីបន្តដឹកនាំប្រទេសកម្ពុជា
ដោយសារតែប្រជាពលរដ្ឋមានជំនឿទុកចិត្តលើថ្នាក់ដឹកនាំគណបក្ស
និងគណបក្សប្រជាជនកម្ពុជាផ្ទាល់ ព្រោះគណបក្សប្រជាជនកម្ពុជា
គឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ ដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ
និងប្រជាជន នាំយកសុខសន្តិភាព
និងការអភិវឌ្ឍជូនជាតិពិតប្រាកដតាមរយៈការដាក់ចុះនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ
និងជាក់ស្តែងនិយមឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ។
ប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន
ក៏បានណែនាំបន្ថែមដល់ក្រុមការងារគណបក្សក្រសួងព័ត៌មាន ត្រូវពង្រឹងសមត្ថភាពសមាជិក
សមាជិកាបក្សឱ្យកាន់តែរឹងមាំន្ថែមទៀត ទាំងគោលជំហរ ស្មារតី និងសតិអារម្មណ៍
ដើម្បីគ្រប់គ្រងឱ្យបាននូវស្ថានភាពពិត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈម
ការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងការផ្តល់ទំនុកចិត្តខ្ពស់។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា
អំពើល្អដែលមន្ត្រីបក្សគ្រប់ជាន់ថ្នាក់បានបម្រើប្រជាពលរដ្ឋយ៉ាងសកម្មដោយមិនគិតពីការនឿយហត់
និងការលំបាកឡើយដើម្បីឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាបាននូវសុខសន្តិភាព
និងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស
គឺជាគំរូដ៏ល្អប្រកប ដោយមោទកភាពសម្រាប់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើជាតិ
និងប្រជាជន៕











Post a Comment