អ្នកប្រកបវិជ្ជាជីវ:សារព័ត៌មាន និងអ្នកផលិតមាតិកា រួមនិងអ្នកប្រើប្រាស់បណ្តាញសង្គមប្រមាណជាង៩០នាក់ ចូលរួមវេទិកាស្តីពី«ការប្រើប្រាស់ភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ : នរណាជាអ្នកទទួលខុសត្រូវ?»

ថោង វណ្ណា

រាជធានីភ្នំពេញ÷នៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយសហការជាមួយ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាពិភាក្សាដោយលើកយកប្រធានបទ «ការប្រើភាសាខ្មែរ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ : នរណាជាអ្នកទទួលខុសត្រូវ?» ក្នុងគោលបំណងផ្លាស់ប្ដូរមតិយោបល់ និងចែករំលែកចំណេះដឹងដល់អ្នកប្រកបវិជ្ជាជីវ:សារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកពាក់ព័ន្ធផ្សេងៗទៀតក្នុងការប្រើប្រាស់ ពាក្យពេចន៍ អក្ខរាវិរុទ្ធ វេយ្យាករណ៍ និងការប្រើប្រាស់ពាក្យថ្មីៗក្នុងការសរសេរព័ត៌មាន និងបណ្តាញសង្គមឱ្យបានត្រឹមត្រូវ។

វេទិកាពិភាក្សានេះធ្វើឡើងនៅលាសប្រជុំ នៃរាជបណ្ឌិត្យសភាកម្ពុជា មានទីតាំងតាមបណ្តោយសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ជាអ្នកសម្របសម្រួល, វាគ្មិនកិត្តិយស បណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា, បណ្ឌិត មាស បូរ៉ា ប្រធានវិទ្យាស្ថានជាតិភាសាខ្មែរ នៃរាជបណ្ឌិតសភាកម្ពុជា, លោក ជិន លន សាស្ត្រាចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត និងអ្នកប្រកបវិជ្ជាជីវៈ:សារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម រួមអ្នកពាក់ព័ន្ធផ្សេងៗសរុបប្រមាណជាង ៩០ នាក់។

ការរៀបចំវេទិកានេះឡើង គឺក្នុងគោលបំណងចែករំលែកចំណេះដឹងដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកពាក់ព័ន្ធផ្សេងៗទៀតឱ្យចេះប្រើពាក្យពេចន៍ អក្ខរាវិរុទ្ធ វេយ្យាករណ៍ ក៏ដូចជាការប្រើប្រាស់ពាក្យថ្មីៗ នៃភាសាខ្មែរឱ្យបានត្រឹមត្រូវ ខណៈបរិបទដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការផ្តល់ព័ត៌មាននាពេលបច្ចុប្បន្ននេះ ដូច្នេះការប្រើប្រាស់ភាសាខ្មែរឱ្យ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវពិតជាសំខាន់ខ្លាំងណាស់ ពីព្រោះភាសាខ្មែរមានគុណតម្លៃជានិមិត្តរូបជ្រាលជ្រៅ និងបង្ហាញអំពីអត្តសញ្ញាណជាតិ៕






Powered by Blogger.