អភិបាលខេត្តតាកែវ ណែនាំមន្ត្រី និងកងកម្លាំងប្រចាំការច្រកទ្វារអន្តរជាតិភ្នំដិនរួមសហការគ្នាបង្ក្រាបបទល្មើសឆ្លងដែន

អត្ថបទ៖ ទ្រី ហៀន

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានស្នាក់ការថ្មី នៃច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ។

បើតាមសេចក្តីប្រកាស លោក ព្រំ ប៊ុនថន ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ជំនួស លោក នួន សារ៉ែន ដែលត្រូវបានផ្ទេរភារកិច្ចមកបំរើការងារនៅសាលាខេត្តតាកែវវិញ ដោយពិធីប្រកាសនេះធ្វើនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវតែម្តង។

ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានណែនាំដល់ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដិន ដែលទើបត្រូវបានតែងតាំងថ្មី ត្រូវសហការគ្នាជាមួយកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសទំនិញគេចពន្ធឆ្លងដែនគ្រប់ប្រភេទ ពិសេសការជួញដូរមនុស្ស និងអាវុធខុសច្បាប់។

សូមរំលឹកថា កាលពីខែឧសភា ឆ្នាំ២០២៦ កន្លងទៅ កម្លាំងពិសេសគយចល័តតំបន់២ បានចុះបង្ក្រាបទំនិញលោតឆត្រនៅតំបន់ព្រំដែនភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ដោយឆែកឆេរឃ្លាំងធំៗចំនួន៣កន្លែង និងរកឃើញទំនិញគេចពន្ធជាច្រើនមុខ ក្នុងនោះរួមមានប្រេងក្លែងក្លាយជាង ២០០ធុង (ចំណុះ ២២០ លីត្រក្នុងមួយធុង)។

ប៉ុន្មានថ្ងៃក្រោយមក កម្លាំងគយចល័តតំបន់២ ក៏ឃាត់បានរថយន្តសាំយ៉ុងចំនួន ១៣ គ្រឿងបន្ថែមទៀត ដែលក្រុមឈ្មួញបានប្រើប្រាស់ ដើម្បីលួចបន្លំផ្ទេរទំនិញពីរថយន្តធំៗ ដើម្បីធ្វើការដឹកជញ្ជូនបន្ត។

ដូច្នេះសង្ឃឹមថា លោក ព្រំ ប៊ុនថន ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលទើបត្រូវបានតែងតាំងថ្មី និងសហការជាមួយកម្លាំងមន្ត្រីគយ ហើយនិងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកព្រំដែន ក្នុងការបង្ក្រាបអំពើររត់គេចពន្ធទំនិញខុសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់៕












Powered by Blogger.