សម្តេចធិបតី ឱ្យប្រជាពលរដ្ឋអត់ដីពិតប្រាកដ ចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ចៀសវាងការកាប់ទន្ទ្រានដីព្រៃ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដ ចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ចៀសវាងការកាប់ទន្ទ្រានដីព្រៃ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ។

ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងបន្ទាប់ពី លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះមកជួបសន្ទនាផ្ទាល់ ជាមួយមីង លាយ រៀង ដែលស្ថិតនៅក្នុងវីដេអូ ត្រូវបានផ្សព្វផ្សាយ និងចែកចាយ នៅក្នុងការប៉ះទង្គិចគ្នា ជាមួយអ្នកប្រចាំការនៅស្ថានីយស្តារព្រៃឈើឡើងវិញ នាពេលកន្លងទៅនេះ ដើម្បីទទួលបាននូវទិដ្ឋភាពជារួម នៃបញ្ហាលើទីតាំងកើតហេតុផ្ទាល់ ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ។

តាមរយៈបណ្តាញសង្គម នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មានកម្មវិធីសម្រាប់ផ្តល់ដី ជូនប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ ដូចជាកម្មវិធី LASED, កម្មវិធីផ្តល់ដីសង្គមកិច្ចជូនអតីតយុទ្ធជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។ ដែលបានផ្តល់ដីជូនប្រជាពលរដ្ឋ រាប់ពាន់គ្រួសារកន្លងមកហើយ។ ក្នុងនោះ សម្តេចធិបទី បានថ្លែងថា បើប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដ សូមចុះឈ្មោះជាមួយអជ្ញាធរមូលដ្ឋាន ចៀសវាងការកាប់ទន្ទ្រានដីព្រៃ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ។

គួរឱ្យដឹងថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «គោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច» ជាយន្តការគន្លឹះដ៏សំខាន់ ដើម្បីដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋក្រីក្រ សហគមន៍ជនជាតិដើមភាគតិច និងអ្នកដែលខ្វះខាតដីពិតប្រាកដ។ គោលនយោបាយនេះ ត្រូវបានអនុវត្តស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (មុំទី៤ នៃបញ្ចកោណទី៤) របស់រដ្ឋាភិបាល ដោយផ្តោតលើកម្មវិធីសំខាន់ៗដូចជា៖ ១. គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) ដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តជំរុញយ៉ាងសកម្មនូវ គម្រោង LASED III ដែលជាគម្រោងសហការ រវាងក្រសួងរៀបចំដែនដី និងធនាគារពិភពលោក។ ២. កម្មវិធីដីសម្បទានសង្គមកិច្ចពិសេសគាំទ្រពលករ (LASED III-40) ដែលនេះជាកម្មវិធីថ្មីបន្ថែមផ្ដួចផ្ដើមឡើងក្នុងអាណត្តិទី៧នេះ ក្នុងគោលដៅផ្តោត លើការកំណត់ទីតាំងដីសម្បទានដើម្បី «គាំទ្រដល់ពលករខ្មែរ ដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ដែលបានវិលត្រឡប់មកពីប្រទេសថៃ» ដើម្បីជួយ សង្គ្រោះពលករក្រីក្រដែលគ្មានទីពឹង ឱ្យមានដីធ្លីពិតប្រាកដសម្រាប់បង្កបង្កើនផល បង្កើតប្រភពចំណូលនៅស្រុកកំណើត និងកាត់បន្ថយការចំណាកស្រុកបន្តទៀត៕



Powered by Blogger.