ទិដ្ឋភាពផ្ការាំងរីកស្គុះស្គាយនៅប្រាសាទបាភួន កំពុងបង្ហាញសម្រស់ដល់ភ្ញៀវទេសចរ

ខេត្តសៀមរាប៖ នាពេលថ្មីៗនេះ រូបភាពនៃផ្ការាំងពណ៌ក្រហមឆ្អៅ ដែលជ្រុះរោយរាយប៉ាយលើផ្ទៃទឹក និងក្រាលគ្របលើដីជុំវិញបរិវេណប្រាសាទបាភួន ក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនលើបណ្តាញសង្គម ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សម្រស់ដ៏វិចិត្រនៃដើមរាំងបុរាណទាំងនេះ បានបន្តក់តំណក់ពណ៌ក្រហមស្រស់ បង្កើតបានជា «ព្រំធម្មជាតិ» យ៉ាងរស់រវើក អមដោយទិដ្ឋភាពប្រាសាទថ្មគួរឲ្យគយគន់។

ភ្ញៀវទេសចរដែលបានទៅដល់ទីនេះ មិនត្រឹមតែបានទស្សនាភាពអស្ចារ្យនៃប្រាសាទបុរាណដ៏ស្កឹមស្កៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តិតយករូបភាពទិដ្ឋភាពដ៏សែនស្រស់នៃផ្ការាំងដែលកំពុងទុំជ្រុះ បង្កើតបានជាផ្ទាំងទេសភាពរស់រវើក និងជាប់ចិត្តឥតភ្លេច។
ផ្ការាំងមានលក្ខណៈពិសេសដោយឡែក គឺតែងតែលាតត្រដាងកេសររីកស្គុះស្គាយនៅពេលរាត្រី ហើយចាប់ផ្តើមជ្រុះរោយទុំនៅលើផ្ទៃទឹក និងដីនៅពេលព្រឹកព្រលឹម។ ហេតុនេះ ការទស្សនានៅពេលព្រឹកព្រាង គឺជាពេលវេលាមាស និងល្អឯកបំផុតក្នុងការទស្សនា និងផ្តិតយករូបភាពព្រំផ្ការាំងពណ៌ក្រហមឆ្អៅនេះ។
ប្រសិនបើលោកអ្នកមានបំណងចង់ទៅផ្តិតយករូបភាព និងស្រូបយករដូវកាលដ៏មានស្នេហ៍នេះ សូមកុំបង្អង់យូរឱ្យសោះ ព្រោះរដូវផ្ការាំងរីកមានរយៈពេលខ្លីប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ សូមចូលរួមទាំងអស់គ្នាក្នុងការថែរក្សាអនាម័យ បរិស្ថាន និងគោរពតាម «ក្រមប្រតិបត្តិអង្គរ» ដើម្បីរួមចំណែកថែរក្សាតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់យើងឱ្យបានគង់វង្ស៕











Powered by Blogger.