ឆមាសទី១ កម្ពុជា រកចំណូលបានជិត៣០លានដុល្លារ ពីវិស័យល្បែងពាណិជ្ជកម្ម
ភ្នំពេញ៖ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ រដ្ឋបានប្រមូលចំណូលពីកាតព្វកិច្ចល្បែងកាស៊ីណូ និងចំណូលពីកាតព្វកិច្ចល្បែងផ្សងសំណាង សរុបចំនួន ១១៥ ៨៨៤ លានរៀល ដែលស្មើនឹងប្រមាណជាង ២៨លានដុល្លារអាមេរិកថយចុះ ២៥.៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ប៉ុន្តែស្នើនឹង៥៣.៧% នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៦។
តាមរបាយការណ៍
ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១
និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦
បានបញ្ជាក់ថា ចំណូលដ៏សំខាន់នេះ មួយចំណែកធំ គឺទទួលបានពីកាស៊ីណូណាហ្គាវើលដ៍
ដែលបានបង់បន្ថែមនូវចំណូលកាតព្វកិច្ចពីល្បែង បន្ទាប់ពីការធ្វើសវនកម្មឆ្នាំ២០២៤។
ទោះបីជាមានការថយចុះនេះក៏ដោយ
តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ២០២៦ ចំណូលពីវិស័យល្បែងពាណិជ្ជកម្ម
អាចនឹងសម្រេចបានប្រមាណ ១១៧.៧% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦
ដោយសារការបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូ។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងដែរថា
នៅក្នុងផ្នែកចំណូលមិនមែនសារពើពន្ធនេះ ទោះបីចំណូលពីកាស៊ីណូ
និងឆ្នោតមានការថយចុះក៏ដោយ ក៏ចំណូលពីទ្រព្យសម្បត្តិរដ្ឋមួយចំនួនទៀត
កំពុងបន្តងើបឡើងវិញគួរឱ្យកត់សម្គាល់ ជាពិសេសចំណូលពីអាជ្ញាបណ្ណក្នុងស្រុក
(អាជ្ញាបណ្ណ 5G) ប្រាក់ចំណេញសហគ្រាសសាធារណៈ
ចំណូលពីការត្រួតពិនិត្យគុណភាពផលិតផល និងការគោរពបទដ្ឋាន ចំណូលពីប្រៃសណីយ៍
និងទូរគមនាគមន៍ (ដោយសារការកើនឡើងអត្រាប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ីនធឺណិត)
និងចំណូលពីវិស័យរ៉ែ។
តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ២០២៦
ចំណូលមិនមែនសារពើពន្ធសរុប អាចនឹងសម្រេចបានប្រមាណ ១០២.១%
នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ការបន្តពង្រឹងការគ្រប់គ្រង
និងការងើបឡើងវិញនៃវិស័យសក្តានុពលផ្សេងទៀត នឹងរួមចំណែកដល់ស្ថិរភាព
និងកំណើនចំណូលថវិការដ្ឋ៕

Post a Comment