អ៊ីរ៉ង់តែងតាំងប្រធានថ្មី នៃស្ថាប័នសន្តិសុខជាតិកំពូល
តេហេរ៉ង់៖ លោក Mohsen Rezaei ដែលជាអតីតមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ត្រូវបានតែងតាំងជា លេខាធិការស្ថាប័នសន្តិសុខជាតិកំពូល របស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។
លោក Mehdi Tabatabaei អ្នកនាំពាក្យប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសថា «ដោយសារការលាលែងរបស់លោក Mohammad Bagher Zolghadr ពីតំណែងជា
លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូល និងការតែងតាំងលោកទៅកាន់មុខងារថ្មី
លោកប្រធានាធិបតី Masoud Pezeshkian បានតែងតាំងលោក Mohsen
Rezaei ជាប្រធានថ្មីនៃស្ថាប័ននេះ»។
លោក Rezaei អាយុ៧១ឆ្នាំ
បានដឹកនាំ IRGC ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៧ ជាអាណត្តិមួយ
ដែលរាប់បញ្ចូលស្ទើរតែពេញមួយសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់ មុនពេលលោកទៅកាន់
តំណែងនយោបាយជាន់ខ្ពស់ជាបន្តបន្ទាប់។ ក្រោយមកទៀត លោកបានកាន់តួនាទី
ជាទីប្រឹក្សាយោធារបស់មេដឹកនាំកំពូល Ayatollah Mojtaba Khamenei។
នាពេលនេះ
លោកនឹងក្លាយជាទីប្រឹក្សានយោបាយរបស់លោក Khamenei។
អ្នកកាន់តំណែងមុនរបស់លោក គឺលោក Zolghadr ក៏ជាអតីតមេបញ្ជាការ
IRGC ផងដែរ ហើយបានឡើងដឹកនាំក្រុមប្រឹក្សានេះ កាលពីខែមីនា។
កាលពីខែកក្កដា លោក Rezaei បានប្រកាសថា
ការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលបច្ចុប្បន្នកំពុងក្លាយជា
ចំណុចស្នូលក្នុងជម្លោះអូសបន្លាយ រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក គឺសំខាន់ជាងគ្រាប់បែកនុយក្លេអ៊ែររាប់សិបគ្រាប់
ទៅទៀត។
សូមជម្រាបថា ក្រុមប្រឹក្សាសន្តិសុខកំពូលនេះ
មានភារកិច្ចរៀបចំយុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់
ប៉ុន្តែសេចក្តីសម្រេចនានា ត្រូវតែទទួលបានការអនុម័តពីមេដឹកនាំកំពូល។ លេខាធិការ
ក្នុងនាមជាសមាជិកជាន់ខ្ពស់បំផុត នៃក្រុមប្រឹក្សានេះ
ជាអ្នកត្រួតពិនិត្យនិងមើលការខុសត្រូវ លើការអនុវត្តសេចក្តីសម្រេចទាំងនោះ៕

Post a Comment