កម្ពុជា តវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុតចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ទៅកាន់តំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ។

ដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតនេះ គឺជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារខុសច្បាប់ លើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលជាតំបន់មួយត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា គ្មានសិទ្ធិស្របច្បាប់ណាមួយអាចកើតចេញពីទង្វើ ខុសច្បាប់នេះបានឡើយ។ ដូច្នេះ ការកាន់កាប់ដោយខុសច្បាប់លើដែនដីអធិបតេយ្យរបស់កម្ពុជា មិនអាចធ្វើ ឱ្យមានភាពស្របច្បាប់ តាមរយៈការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនេះបានឡើយ។

ដំណើរទស្សនកិច្ចនេះ គឺស្មើនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនដីអធិបតេយ្យរបស់កម្ពុជា ដូចដែល បានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាង ឥណ្ឌូចិន និងសៀម និងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ ព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានហាមឃាត់យ៉ាងច្បាស់នូវសកម្មភាពបង្កហេតុ ដែលអាចបង្កើនភាពតានតឹងតាមបណ្ដោយព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា ទាំងផែនទីដែលគូស ដោយឯកតោភាគី ឬដំណើរទស្សនកិច្ចណាមួយដែលផ្អែកលើផែនទីបែបនេះ មិនអាចផ្លាស់ប្តូរខ្សែព្រំដែន ដែល ទទួលស្គាល់ជាអន្តរជាតិបានឡើយ។

រាជរដ្ឋាភិបាលកម្ពុជាក៏សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការ ទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ ដំណើរទស្សនកិច្ចខាងលើនេះ មិនប៉ះពាល់ដល់សិទ្ធិ ស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀបរាប់ខាងក៏ ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនដើម្បី បន្ធូបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្រួលដល់ការដោះស្រាយដោយសន្តិវិធី សំដៅស្ដារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាង ទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕











 

 

 

Powered by Blogger.