វិញ្ញាបនបត្រសម្គាល់ម្ចាល់អចលនវត្ថុចំនួន ១,១៩៥ ប័ណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ៤ភូមិ ក្នុងស្រុកលំផាត់

 អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ វិញ្ញាបនបត្រសម្គាល់ម្ចាល់អចលនវត្ថុចំនួន ១,១៩៥ ប័ណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ៤ភូមិ ក្នុងស្រុកលំផាត់ ខណៈដែលពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាល់អចលនវត្ថុខាងលើនេះ បានធ្វើឡើងនៅសាលាស្រុកលំផាត់ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ប៊ុនថាន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់.ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។


លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់និងសុរិយោដីខេត្តរតនគិរី បានលើកឡើងថា ការចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនាពេលនេះ មានចំនួន៤ភូមិរួមមាន ភូមិដីឡូត៍ ភូមិលំផាត់ ភូមិអូរកាន និងភូមិសាមខា ស្ថិតក្នុង ឃុំជ័យឧត្តម ស្រុកលំផាត់ ស្មើនឹង ១,១៩៥ វិញ្ញាបនបត្រ ក្នុងនោះ ភូមិដីឡូត៍ចំនួន ៦០២ក្បាលដី.ភូមិលុំផាត់ចំនួន ៤៦៨ ក្បាលដី .ភូមិអូរកានចំនួន ៩១ក្បាលដី និងភូមិសាមខា ចំនួន ៣៤ ក្បាលដី ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានសម្តែងនូវការកោតសរសើរ វាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងសូមថ្លែងអំណរគុណចំពោះលោកអភិបាល នៃគណៈអភិបាលស្រុកលំផាត់ អាជ្ញាធរស្រុក អាជ្ញាធរឃុំ លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារនាពេល កន្លងមក ដែលធ្វើអោយសម្រេចជោគជ័យចេញប័ណ្ណនាពេលនេះ។ 

ឯកឧត្តម អភិបាលខេត្តបន្តថា ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដីធ្លីដំបូង ដែលផ្តល់នូវសារសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងគោលដៅធានានូវភាពស្របច្បាប់នៃការកាន់កាប់ ភាពច្បាស់ លាស់នៃការកាន់កាប់ កាត់បន្ថយទំនាស់ដីធ្លី ឬលុបបំបាត់វិវាទដីធ្លី កាត់បន្ថយភាពក្រីក្រ ការប្រើប្រាស់និង ចាត់ចែងផ្សេងទៀតតាមដែលអាចធ្វើបាន។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានគោរព ថ្លែងអំណរគុណឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានចាត់ក្រុមវាលទី ១៣ (ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ) ឱ្យមកចុះជួយការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកលំផាត់ និងស្រុកកូនមុំទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីកត់សម្គាល់។

មានប្រសាសន៍សំណេះសំណាសនាឱកាសនេះផងដែរ ឯកឧត្តម ហ៊ុន ប៊ុនថាន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងអភិវឌ្ឍ សេដ្ឋកិច្ចសង្គម សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ ភាពច្បាស់លាស់ ភាពស្របច្បាប់នៃការកាន់កាប់ ការដោះស្រាយបញ្ហាទំនាស់ដីធ្លី ភាពសុខុមនីយកម្មនៃការកាន់កាប់។ 

ឯកឧត្តមបន្តថា ការទទួលបានប័ណ្ណកម្ម សិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្តែងចេញឱ្យឃើញពីការគិតគូរ យ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណ កម្មសិទ្ធិ) ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបញ្ជាក់ពីភាពស្របច្បាប់នៃ ការកាន់កាប់ដីធ្លី។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ "កម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារ មាតុភូមិ ឆ្នាំ២០២៣-២០២៨” ដោយនៅក្នុងគោលនយោបាយអភិវឌ្ឍតាមវិស័យ គឺបានផ្តោតសំខាន់លើ ការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឱ្យកាន់តែសកម្ម និងស៊ីជម្រៅលើវិស័យដី ធ្លី តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ការចុះបញ្ជីដីលើកដំបូង ជំរុញការចុះបញ្ជី ដីសហគមន៍ជនជាតិដើមភាគតិច និងជំរុញការចុះបញ្ជីបន្តដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌ៕












 

Powered by Blogger.