សភាពាណិជ្ជកម្មកូរ៉េ នៅវៀតណាម គាំទ្រការបង្កើតកិច្ចសហប្រតិបត្តិទេសចរណ៍ និងកាលានុវត្តវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសបំពេញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជាទៅបំពេញទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ព្រមទាំងលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ នៅប្រទេសវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក KIM NYOUN HO ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅវៀតណាម (KOCHAM) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្កានេះ ភាគីសភាពាណិជ្ជកម្មកូរ៉េ
បានគោរពថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតជូនប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅវៀតណាម
បានចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនពីគំនិតផ្តួចផ្តើមថ្មីៗ
ក្នុងការពង្រីកអាជីវកម្មរបស់សមាជិកខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនេះផងដែរ
ភាគីសភាពាណិជ្ជកម្មកូរ៉េ បាន
គូសបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីពីចំណាប់អារម្មណ៍ចំពោះសក្តានុពលទេសចរណ៍កម្ពុជា
និងបញ្ជាក់ពីការត្រៀមខ្លូនរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍
និងកាលានុវត្តវិនិយោគនៅកម្ពុជានាពេលខាងមុននេះ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី
បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោកប្រធាន
និងសមាជិករបស់សភាពាណិជ្ជកម្មដែលបានចាត់ទុកកម្ពុជា
ជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព
និងពោរពេញដោយសក្តានុពលខ្ពស់ដូចជាពេជ្រកំពុងរះយ៉ាងចិញ្ចោច
សម្រាប់ការពង្រីកអាជីវកម្ម និងបណ្តាក់ទុនវិនិយោគរបស់ខ្លួន ស្របពេលដែលវិស័យទេសចរណ៍
ដែលទទួលបាននូវការលើកទឹកចិត្តជាច្រើន និងត្រូវបានចាត់ទុកជា «ជន្ទល់សេដ្ឋកិច្ច» ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ
និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ
មានមតិស្របគ្នាអំពីការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាង
សភាពាណិជ្ជកម្មកូរ៉េនៅប្រទេសវៀតណាម (KOCHAM) និងក្រសួងទេសចរណ៍កម្ពុជា
ក៏ដូចជាវិស័យឯកជនកម្ពុជា តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្បុជាទៅកាន់សមាជិកសភាពពាណិជ្ជកម្ម
និងការភ្ជាប់បណ្តាញធុរកិច្ចរវាងសហគ្រាសនៃប្រទេសទាំងពីរ
និងការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីគោលដៅទេសចរណ៍កម្ពុជាដ៏សំខាន់
និងប្រកបដោយសក្តានុពលខ្ពស់នាពេលខាងមុខដ៏ឆាប់នេះ៕






Post a Comment