ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាល ចង់ឃើញយុវជន មានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធា
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល មានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរ គ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធា ។
ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ទុកជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់ បម្រើជាតិមាតុភូមិ ។ យោងតាមសម្តេចធិបតី គោលដៅចម្បង នៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងសង្គមមួយប្រកប ទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ។
ឯកឧត្តមអ្នកនាំពាក្យ បន្តថា “ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលមានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរ គ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញ កាតព្វកិច្ចយោធា ដោយចាត់ទុកថា នោះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលខ្លួនបានហ្វឹកហាត់ ចំណេះជំនាញមួយដ៏មានសារសំខាន់បំផុត ដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅពេលណា ដែលជាតិត្រូវការ ជំនួសឱ្យការព្រួយបារម្ភពីការខាតប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងអំឡុងពេលនៃការចូលហ្វឹកហាត់ និងបំពេញកាតព្វកិច្ចយោធា” ។
បើតាម ឯកឧត្តមអ្នកនាំពាក្យ សម្តេចធិបតី ចាត់ទុកបទពិសោធន៍និងការឈឺចាប់រយៈពេលជាង១ឆ្នាំចុងក្រោយនេះ ជាគន្លឹះដែលទាំងអស់គ្នាត្រូវចងចាំថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯង ហើយកូនខ្មែរទាំងអស់ ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវត្រៀមខ្លួនដើម្បីជួយជាតិ តាមរយៈការប្រែក្លាយស្មារតីស្នេហាជាតិឱ្យទៅជាកម្លាំងដ៏រឹងមាំពិតប្រាកដមួយ និងត្រៀមលក្ខណៈជាស្រេចដើម្បីជួយប្រទេសជាតិ នៅពេលដែលជាតិត្រូវការ។
សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យ ស្តីពី ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ៕
សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យ ស្តីពី ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ៕

Post a Comment