ឧបនាយករដ្ឋមន្ត្រី ស សុខា ទុកពេល ៤៨ម៉ោងឱ្យ ឆេង ភារុណ ចូលខ្លួនមកទទួលទោស បន្ទាប់ពីគេចខ្លួនទៅវៀតណាម
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទុកពេល៤៨ម៉ោងឱ្យបុគ្គលឈ្មោះ ឆេង ភារុណ ចូលខ្លួនទទួលទោស។
ឆេង ភារុណ
ជាជនដៃដល់ប្រើហិង្សាយកដប់ប៊ីយៀវាយក្បាលអ្នកដទៃនៅកន្លែងផឹកស៊ី។
បុគ្គលនេះកំពុងរត់គេចខ្លួនទៅប្រទេសវៀតណាម។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា «តាមរយៈបណ្ដាញទំនាក់ទំនងសង្គមនេះ ខ្ញុំសូមផ្ញើសារណែនាំទៅកាន់ លោក ឆេង ភារុណ
ដែលប្រព្រឹត្តអំពើហិង្សា ដោយយកដបស្រាវាយក្បាលជនរងគ្រោះ កាលពីយប់ថ្ងៃទី២២ ខែសីហា
ឆ្នាំ២០២៦នោះ សូមលោកមានភាពក្លាហាន និងស្មារតីភ្ញាក់រលឹក
ចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់»។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្ថែមថា «ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ខ្ញុំទុករយៈពេល៤៨ម៉ោង ឱ្យចូលខ្លួនមកសារភាព និងអនុវត្តនីតិវិធីជាមួយសមត្ថកិច្ច។
ក្នុងន័យនេះ ខ្ញុំក៏សូមលើកទឹកចិត្តឱ្យក្រុមគ្រួសារ និងមិត្តភក្ដិលោក ឆេង ភារុណ
ជួយផ្ដល់ព័ត៌មាន និងពន្យល់ណែនាំបន្ថែម»។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា
បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយលើករណីនេះ ឯកឧត្តមបានទាក់ទងដោយផ្ទាល់ ទៅកាន់លោក
លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម
ដោយបានស្នើសុំកម្លាំងមានសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលនេះ។
«ក្នុងរយៈពេលដូចខ្ញុំបានបញ្ជាក់ខាងលើ សូមលោក ឆេង ភារុណ
បើកំពុងនៅក្នុងប្រទេសវៀតណាម ត្រូវប្រញាប់វិលចូលមាតុប្រទេសដោយខ្លួនឯង
និងសូមកុំព្យាយាមពួនសំងំ ឬប៉ុនប៉ងធ្វើដំណើរបន្តទៅប្រទេសណាមួយ
ពីព្រោះលោកប្រាកដជាដឹងច្បាស់ហើយថា គ្មានថ្ងៃអាចរួចខ្លួននោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា។
ឧបនាយករដ្ឋមន្រ្តី ស សុខា បានជម្រាបជូនជនរួមជាតិថា
ក្នុងនាមជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ
និងសុវត្ថិភាពសង្គម រូបឯកឧត្តមដាច់ខាត មិនអនុញ្ញាតឱ្យជនល្មើស
រួមទាំងករណីប្រព្រឹត្តអំពើហិង្សាខាងលើនេះ រួចផុតពីសំណាញ់ច្បាប់ឡើយ៕




Post a Comment