ឯកអគ្គរដ្ឋទូតប្រេស៊ីល សរសើរលទ្ធផលបង្ក្រាបស្កេមនៅកម្ពុជាថា «លេចធ្លោ និងជាក់ស្ដែង»
ភ្នំពេញ៖ "ខ្ញុំសូមអបអរសាទរយ៉ាងក្រៃលែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបានលទ្ធផលដ៏លេចធ្លោ និងប្រកបដោយភាពជាក់ស្ដែង ក្នុងប្រតិបត្តិការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសនារយៈពេលមួយឆ្នាំចុងក្រោយនេះ"។ នេះជាអំណរសាទរថ្លែងផ្ទាល់មាត់ ដោយលោកជំទាវ វីបាន ឡូស សានម៉ាតាំង ឯកអគ្គរដ្ឋទូតប្រេសុីល ប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្ដែងគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។
លោកជំទាវ វីបាន ឡូស សានម៉ាតាំង គឺជាឯកអគ្គរដ្ឋទូតប្រេសុីល
ដំបូងគេហើយ បន្ទាប់ពីរដ្ឋាភិបាលប្រទេសល្បីខាងវិស័យបាល់ទាត់មួយនេះ
សម្រេចបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍នៅកម្ពុជា ក្នុងឆ្នាំ២០២៦។ វិស័យបាល់ទាត់
ក៏ជាប្រធានមួយនៃជំនួបនេះដែរ។ បន្តទៅប្រធានបទបង្ក្រាបបទល្មើសស្កេមអនឡាញ ភាគីទាំងពីរ
បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពស្និទ្ធស្នាល ក្រោមស្មារតីរួមមួយថា
"ទោះបីប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នា
តែយើងនៅតែអាចធ្វើការជាមួយគ្នាបានយ៉ាងជិតស្និទ្ធ"។
ក្នុយន័យនេះ លោកជំទាវ វីបាន ឡូស សានម៉ាតាំង
បានបង្ហាញមោទនភាពដែលក្លាយជាឯកអគ្គរដ្ឋទូតប្រសុីលដំបូងគេនៅកម្ពុជា
ជាពិសេសក៏ក្នុងពេលដែលកាលៈទេសៈបានតម្រូវឱ្យប្រេសុីល និងកម្ពុជា
បង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ថ្វីដ្បិតទើបចូលកាន់តំណែងនៅកម្ពុជា
ប៉ុន្តែ លោកជំទាវ បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថាប្រេសុីល បានតាមដាន
និងក៏មានកិច្ចសហការយ៉ាងល្អ ជាបន្តបន្ទាប់ជាមួយក្រសួងមហាផ្ទៃ
រួមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ លើការងារបង្ក្រាបអនឡាញស្កេម
និងអំពើជួញដូរមនុស្ស។
លោកជំទាវបន្តថា បច្ចុប្បន្ន
អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលប្រេសុីល
កំពុងពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាជាបន្តបន្ទាប់
ដើម្បីឈានទៅសម្រេចអនុស្សរណៈនៃការយោគយល់ (MOU) និងក៏បានកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ
ពាក់ព័ន្ធនឹងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ការសម្របសម្រួលបញ្ជូនជនជាតិប្រេសុីលទៅប្រទេសកំណើត និងលើករណីជនជាតិប្រសុីលឃុំខ្លួននៅកម្ពុជា។
លោកជំទាវ ក៏បានថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា
ដែលបានបើកចំហទទួលយកមតិយោបល់ពីគ្រប់ភាគី
ជាពិសេសការឈានទៅដាក់ឱ្យអនុវត្តបែបបទថ្មីមួយពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណជនរងគ្រោះ។
លោកជំទាវ បានដាក់ក្ដីរំពឹងប្រកបដោយសុទិដ្ឋិនិយមថា តាមរយៈតួនាទីជាឯកអគ្គរដ្ឋទូត
និងដោយឡែកតាមរយៈ MOU ដែលលេចចេញជារូបរាងឆាប់ៗខាងមុខ
ភាគីទាំងពីរ នឹងអាចសម្រេចបានលទ្ធផលកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើនទៀត
ជាពិសេសលើការងារសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណលោកជំទាវឯកអគ្គរដ្ឋទូត
ចំពោះប្រសាសន៍វាយតម្លៃប្រកបដោយការលើកទឹកចិត្តមកលើការខិតខំប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតបទល្មើសអនឡាញស្កេម។
យ៉ាងណាក៏ដោយ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា កម្ពុជាមិនទាន់ដល់ពេលបន្ធូរដៃនៅឡើយទេ
ពីព្រោះពួកឧក្រិដ្ឋជនកាន់តែមានល្បិចថ្មីៗ
ដែលទាមទារឱ្យធនធានមន្រ្តីអនុវត្តច្បាប់ត្រូវទទួលបានការបណ្ដុះបណ្ដាល
និងបំប៉នជំនាញឱ្យទាន់សភាពការណ៍។ ត្រង់ចំណុចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត
បានថ្លែងអំណរគុណប្រេស៊ីលដែលបានប្រកាសត្រៀមជួយកម្ពុជាតាមរយៈយន្តការMOU។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ឡើងវិញថា
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
បានតាំងចិត្តខ្ពស់បោសសម្អាតបទល្មើសអនឡាញស្កេមឱ្យដល់ឬសគល់ដោយគ្មានការដកដៃ
ពោលគឺទោះបីជាជនជាតិខ្មែរ ឬជាតិសាសន៍ណាក៏ដោយ សមត្ថកិច្ចត្រូវតែបង្ក្រាបឱ្យខាងតែបាន
និងដោយគ្មានការលើកលែង។ ជាក់ស្ដែង មកដល់ខែសីហានេះ
ទីតាំងធំៗជាច្រើនកន្លែងត្រូវបានបិទទ្វារជាស្ថាពរ មេក្លោងតូចធំត្រូវបានចាប់ខ្លួន
ខ្លះជាប់ឃុំនៅកម្ពជា ខ្លះបញ្ជូនទៅប្រទេសកំណើត
ខណៈជនបរទេសជិត៤០ម៉ឺននាក់ត្រូវបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត គិតចាប់ពីដើមនីតិកាលថ្មីមក។
ក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នា
អំពីការត្រៀមរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធនឹងការបង្ក្រាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែកញ្ញាខាងមុខ
និងប្រធានបទពាក់ព័ន្ធនឹងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន
ដូចជាក្នុងវិស័យទេសចរណ៍ និងវិស័យកីឡាជាដើម។ ក្នុងវិស័យកីឡា ឯកឧត្តមអភិសន្តិបណ្ឌិត
បានរំលេចអំពីវត្តមានកាន់តែច្រើននៃកីឡាករបាល់ទាត់ប្រេសុីលនៅកម្ពុជា
ក្នុងនោះក៏មានកីឡាករបានចូលសញ្ជាតិខ្មែរ និងក្លាយជាសមាជិកក្រុមជម្រើសជាតិ
ខណៈលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរចំពោះកីឡាករប្រដាល់សញ្ជាតិប្រេស៊ីលចូលសញ្ជាតិខ្មែរ
ដែលអ្នកស្នេហាវិស័យកីឡាប្រដាល់នៅកម្ពុជាបានចាប់អារម្មណ៍៕







Post a Comment