UNAIDS៖ ពិភពលោក ប្រឈមហានិភ័យនៃការផ្ទុះជំងឺអេដស៍ឡើងវិញ ខណៈមូលនិធិបង្ការជំងឺនេះធ្លាក់ចុះ ១៨ភាគរយ

ហ្សឺណែវ៖ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងមេរោគអេដស៍របស់អង្គការសហប្រជាជាតិ (UNAIDS) បានឱ្យដឹងថានាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ថាពិភពលោកកំពុងប្រឈមហានិភ័យនៃការផ្ទុះឡើងវិញនៃជំងឺអេដស៍ (HIV) បន្ទាប់ពីថវិកាគាំទ្រជាសកល ធ្លាក់ចុះជិតមួយភាគប្រាំ កាលពីឆ្នាំមុន។

មុនពេលលោក ដូណាល់ ត្រាំ ត្រឡប់មកកាន់តំណែងប្រធានាធិបតី ក្នុងខែមករា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក ធ្លាប់ជាអ្នកផ្តល់ថវិកា ៧៥ភាគរយនៃមូលនិធិអន្តរជាតិ សម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ (HIV)។ នៅខែដដែលនោះ លោកបានបញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្ន នូវរាល់ការផ្តល់ថវិកាពាក់ព័ន្ធនឹងជំងឺអេដស៍។ ក្រោយមក លោកបានសម្រេចបន្តផ្តល់ថវិកា សម្រាប់កិច្ចការជួយសង្គ្រោះជីវិតអ្នកជំងឺអេដស៍ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងផ្នែកបង្ការភាគច្រើន ត្រូវបានកាត់បន្ថយ។

UNAIDS បានលើកឡើងក្នុងរបាយការណ៍ ចេញផ្សាយនៅដើមសន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍ ក្នុងប្រទេសប្រេស៊ីលថា កញ្ចប់ថវិកាសម្រាប់ដោះស្រាយបញ្ហាជំងឺអេដស៍ ធ្លាក់ចុះ ១៨ភាគរយ មកនៅត្រឹម ៧,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ ការណ៍នេះអាចធ្វើឱ្យខូចខាតដល់វឌ្ឍនភាព ដែលបានកាត់បន្ថយការឆ្លងមេរោគអេដស៍ថ្មី និងការស្លាប់ដែលទាក់ទងនឹងជំងឺអេដស៍ មកកម្រិតទាបបំផុតក្នុងរយៈពេលជាង ៣០ឆ្នាំ។

សូមជម្រាបថា ក្នុងឆ្នាំ២០២៥ ប្រជាជនប្រមាណ ១,២លាននាក់ បានឆ្លងមេរោគអេដស៍។ តាម UNAIDS បញ្ហាមូលនិធិជះឥទ្ធិពលធ្ងន់ធ្ងរដល់ការងារបង្ការ និងធ្វើតេស្តរកមេរោគអេដស៍ ព្រមទាំងផ្នែកសំខាន់ៗនៃកម្មវិធីព្យាបាល ដូចជាសេវាកម្មតាមសហគមន៍ ដែលអាចទៅដល់ក្រុមមនុស្ស ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីមេរោគអេដស៍។ គោលដៅសកលដើម្បីបញ្ចប់ជំងឺអេដស៍ ត្រឹមឆ្នាំ២០៣០ ក៏កំពុងដើរខុសគន្លងដោយសារការកាត់បន្ថយថវិកា និងវិបត្តិផ្សេងៗ ដូចជា ជំងឺអេបូឡា រារាំងដល់កិច្ចខិតខំប្រឹងប្រែង៕ (Reuters)



 

Powered by Blogger.