អ៊ីរ៉ង់ បើកការវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅតំបន់ឈូងសមុទ្រ
ឌូបៃ៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបើកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់សហរដ្ឋអាមេរិក នៅក្នុងបណ្តាប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកងទ័ពអាមេរិកបានវាយប្រហារតាមអាកាសមកលើខេត្តភាគខាងត្បូង និងភាគខាងកើតប្រទេសអ៊ីរ៉ង់ ដែលសកម្មភាពនេះកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៣សប្តាហ៍មកនេះ។
ទន្ទឹមនឹងការវាយប្រហារសងសឹកនេះ
អ៊ីរ៉ង់ក៏កំពុងត្រៀមរៀបចំពិធីបញ្ចុះសពអតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមេណៃ
(Ayatollah
Ali Khamenei) នៅឯទីសក្ការៈបូជាដ៏វិសុទ្ធបំផុតក្នុងទីក្រុង Mashhad
នៅភាគឦសានប្រទេសផងដែរ
បន្ទាប់ពីបានរៀបចំពិធីហែសពយ៉ាងធំដុំអស់រយៈពេលមួយសប្តាហ៍រួចមក។
ទីភ្នាក់ងារសារព័ត៌មាន Fars បានឱ្យដឹងថា
កងទ័ពអាកាសអ៊ីរ៉ង់បានប្រើប្រាស់យន្តហោះចម្បាំង MiG-29 ដើម្បីហោះហើរការពារដែនអាកាសពីលើពិធីហែសពនេះ។
យោធាអាមេរិកបានអះអាងថា
ការវាយប្រហារចុងក្រោយរបស់ខ្លួនលើអ៊ីរ៉ង់
គឺក្នុងគោលបំណងបើកច្រកសមុទ្រហ័រមូសឱ្យនៅដំណើរការ
បន្ទាប់ពីចោទប្រកាន់ថាអ៊ីរ៉ង់បានវាយប្រហារនាវាដឹកប្រេង ៣គ្រឿង។
ការវាយប្រហាររបស់អាមេរិកនេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក ដូណាល់ ត្រាំប្រកាសថាបទឈប់បាញ់បណ្តោះអាសន្នត្រូវបាន
«បញ្ចប់ហើយ»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា
ការវាយប្រហាររបស់អាមេរិកចន្លោះថ្ងៃទី០៨ និង០៩ ខែកក្កដា បានសម្លាប់មនុស្ស ១៤នាក់
និងរបួស ៧៨នាក់ នៅទូទាំង ៥ខេត្ត។ ទីភ្នាក់ងារ Fars ក៏បានបន្ថែមថា
ការវាយប្រហារមួយបានបាញ់ចំស្ពានផ្លូវដែក ដែលប្រើសម្រាប់ពាណិជ្ជកម្មជាមួយរុស្ស៊ី
និងចិនផងដែរ។ ដោយឡែក សំឡេងផ្ទុះជាច្រើនក៏ត្រូវបានគេឮផងដែរនៅក្នុងខេត្ត Bushehr
និងទីក្រុងកំពង់ផែ Bandar Abbas៕

Post a Comment