សភាប្រើភាសាបារាំង អំពាវនាវភាគីកម្ពុជា-ថៃបន្ធូរបន្ថយភាពតានតឹង និងដកកងកម្លាំងប្រដាប់ អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះ
ភ្នំពេញ៖ សភាប្រើភាសាបារាំង បានអំពាវនាវឱ្យភាគី កម្ពុជា-ថៃ បន្ធូរបន្ថយភាពតានតឹង និងបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ ព្រមទាំងដកកងកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះ ដោយគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេលដ៏ខ្លីបំផុត។
យោងតាមសេចក្តីស្តីពីបូរណភាពទឹកដីនៃកម្ពុជា
ដែលបានធ្វើឡើងបន្ទាប់ពីប្រជុំពេញអង្គនៅរដ្ឋធានីឃុនដេ (កាមេរូន) នៅថ្ងៃទី១០-១១
ខែកក្កដា ឆ្នាំ២០២៦ តាមសំណើរបស់គណៈកម្មការនយោបាយ
សភាប្រើភាសាបារាំងបានអំពាវនាវឱ្យភាគីទាំងពីរ គោរពអធិបតេយ្យ
និងបូរណភាពទឹកដីនៃកម្ពុជា ក៏ដូចជាការគោរព
តាមការប្តេជ្ញាចិត្តចំពោះសន្តិភាពប្រកបដោយនិរន្តភាព នៅតាមបណ្តោយព្រំដែន និងការជៀស
វាងរាល់សកម្មភាពឯកតោភាគីណាមួយ ដែលអាចបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរ។
ជាមួយគ្នានេះ
សភាប្រើភាសាបារាំងបានអំពាវនាវឱ្យមានការគោរពបទឈប់បាញ់
និងការអនុវត្តកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍
ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា នៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦
ខែតុលា ឆ្នាំ ២០២៥។
សភាប្រើភាសាបារាំងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តភាពតានតឹង
និងសកម្មភាពនានាដែលត្រូវបានរាយការណ៍
នៅក្នុងតំបន់ព្រំដែនក្រោមការកាន់កាប់ដោយប្រទេសថៃ ជាអាទិ៍
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិល និងយោធា
ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងសាសនា ក៏ដូចជាគំនិតផ្តួចផ្តើម
ក្នុងការបែងចែកដីធ្លី នៅក្នុងតំបន់ទាំងនោះ។
បន្ថែមពីនេះ
សភាប្រើភាសាបារាំងបានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការរងទុក្ខវេទនារបស់ប្រជាជនស៊ីវិល
ក៏ដូចជាការប៉ះពាល់ ឬការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌
ដែលជាកេរមរតករួមរបស់មនុស្សជាតិ តាមរបៀបមួយ
ដែលអាចធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យនៃសន្តិភាពយូរអង្វែង និងការផ្សះផ្សាជាតិ។
ទន្ទឹមគ្នានេះសភាប្រើភាសាបារាំងបានគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេលដ៏ខ្លីបំផុត តាមរយៈយន្តការទ្វេភាគីទាំងអស់ដែល បានបង្កើតឡើង
ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងស្មារតីនៃ
កិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ
និងគាំទ្រការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ
ដោយផ្អែកលើការទទួលស្គាល់គ្នាទៅវិញទៅមកលើអធិបតេយ្យ បូរណភាពទឹកដី និងភាពមិន
អាចរំលោភបាននៃព្រំដែន ក៏ដូចជាការខណ្ឌសីមាព្រំដែន អនុលោមតាមក្របខ័ណ្ឌគតិយុត្ត
ដែលបានកំណត់ដោយលិខិតុបករណ៍អន្តរជាតិ៕




Post a Comment