កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស លើកដំបូងរវាងប្រទេសទាំងពីរ
អាមេរិក៖ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ លោក Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងការបរទេស ទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះ
គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង រវាងប្រទេសទាំងពីរ
ដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក
ដែលឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។
សមិទ្ធផលដ៏សំខាន់នេះ
គឺជាលទ្ធផលបន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក
(U.S.
International Development Finance Corporation - DFC's) បានអនុម័តកាលពីពេលថ្មីៗនេះ
នូវការផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន១០០លានដុល្លារសហរដ្ឋអាមេរិក
ដើម្បីគាំទ្រដល់អាកាសយានដ្ឋាន ថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅរាជធានីភ្នំពេញ ដោយបញ្ជាក់ពីការរីកលូតលាស់នៃ
ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា-សហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងបើកចំហជើងមេឃ
ក៏អនុញ្ញាតឱ្យក្រុមហ៊ុន
អាកាសចរណ៍ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល
និងមានប្រសិទ្ធភាពដល់អ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូន ពិសេសលើកកម្ពស់វិស័យទេសចរណ៍
និងពាណិជ្ជកម្ម។
កិច្ចព្រមព្រៀងនេះ
ក៏អនុញ្ញាតឱ្យមានការអនុវត្តសិទ្ធិហោះហើរទី៧ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស
ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសទីបី
ដែលគ្មានទំនាក់ទំនងប្រតិបត្តិការជាមួយកម្ពុជា។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃនេះនឹងបើកទីផ្សារ
និងផ្តល់លទ្ធផលសម្រាប់ធុរកិច្ច អ្នកបម្រើការងារ ព្រមទាំងអ្នកដំណើរកម្ពុជា និងអាមេរិកទាំងអស់។ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិ
បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
កម្ពុជានៅតែប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ អាកាសចរណ៍ស៊ីវិលអន្តរជាតិ
ជាមួយប្រទេសជាដៃគូក្នុងការបន្តចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសបន្ថែមទៀត
និងការពង្រឹងក្របខ័ណ្ឌអាកាសចរណ៍ទ្វេភាគី ដែលមានស្រាប់៕



Post a Comment