សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញ​​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តស្ទឹងត្រែង ដែលជាខេត្តភាគ​ឦ​សាន​ប្រទេស​​កម្ពុជា។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រម​ទាំង​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ​ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ​កាន់​មូល​ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ​២០​២៦។ រាជធានី ខេត្តចំនួន២១រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួប​សំណេះ​សំណាល​រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជ​ធានី​ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប​ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ក្រចេះ មណ្ឌលគិរី និងរតនគិរី។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើ​កិច្ច​ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់​ប្រជាពលរដ្ឋ ក៏ដូច​ជា​ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ៕










 

Powered by Blogger.