កូនត្រីចម្រុះ និងត្រីមេពូជប្រមាណ ៤០.០០០ ក្បាល ត្រូវបានលែងចូលរមនីយដ្នានបឹងកន្សែង ក្នុងឱកាស “ទិវាមច្ឆជាតិ” ១កក្កដា ឆ្នាំ២០២៦

 អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តរតនគិរី បានរៀបចំទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២៦ នៅរម្មណីយដ្ឋានបឹងកន្សែង ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។ ទិវាដ៏មានសារ:សំខាន់នេះ ប្រារព្ធធ្វើឡើង ក្រោមអធិបភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្តរតនគិរី ។

បើតាមការលើកឡើង របស់ ង៉ែត ធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានអោយដឹងថា ទិវានេះរៀបចំឡើង ក្នុងគោលបំណងបំផុសស្មារតី និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍវិស័យជលផល ក្នុងទិសដៅធានានិរន្តរភាព នៃធនធាន ជលផល សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅ អនាគត។

លោកបន្តថា “ទិវាមច្ឆាជាតិ” ១កក្កដា ឆ្នាំ២០២៦នេះ កូនត្រីចម្រុះប្រមាណ ៤០.០០០ ក្បាល និងមេត្រីពូជសំខាន់ៗមួយចំនួន រួមមាន៖ ត្រីឆ្អិន ត្រីក្រាញ់ ត្រីកន្ធរ ត្រីអណ្តែង នឹងលែង ចូលទៅក្នុងបឹងកន្សែង ដើម្បីធ្វើឱ្យបឹងធម្មជាតិចំកណ្តាលក្រុងមួយនេះសម្បូរទៅដោយជីវចម្រុះ មច្ឆាជាតិ សម្រាប់បម្រើឱ្យគោលដៅទាក់ទាញភ្ញៀវទេសចរ និងធានាការ ផ្គត់ផ្គង់ស្បៀងអាហារធម្មជាតិដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។

ថ្លែងនៅក្នុង“ទិវាមច្ឆាជាតិ” ១កក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមញ៉ែម សំអឿន បានលើកឡើងថា នៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាកំពុងឈានឡើង ត្រី និងវារីជាតិផ្សេងៗនៅតែ ជាប្រភពប្រូតេអ៊ីន និងជាអាហារប្រចាំថ្ងៃដ៏សំខាន់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរបន្ទាប់ ពីស្រូវអង្ករ។ 

ឯកឧត្តម អភិបាលខេត្តបន្តថា ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទីផ្សារ រាជរដ្ឋាភិបាល បន្តផ្តល់អាទិភាពខ្ពស់ លើការដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការរៀបចំផែនការ រយៈពេលវែង ប្រមូលផ្តុំកម្លាំង សរុបពីផ្នែកសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បី លើកកម្ពស់ផលិតភាពជលផលទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ នៅរមណីយដ្ឋានបឹងកន្សែង និងពង្រឹងការអនុវត្តច្បាប់ការពារតំបន់អភិរក្ស។ ជំរុញការធ្វើវារីវប្បកម្មបែបពាណិជ្ជកម្ម ដោយលើកទឹកចិត្តដល់ការវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹម ការផលិតកូនត្រីពូជ និងការកែច្នៃផល ផលិតផលជលផលក្នុងស្រុក ឱ្យមានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងលើទីផ្សារបាន។ 

ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងបង ប្អូនប្រជាពលរដ្ឋទាំងអស់ នឹងយកអស់ស្មារតី កម្លាំងកាយចិត្ត បន្តខិតខំប្រឹងប្រែងចូលរួមអនុវត្ត ឱ្យបានសកម្មថែមទៀត ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដោយត្រូវផ្សារភ្ជាប់ការធ្វើអាជីវកម្ម ទៅនឹងការអភិរក្សជលផល និងការអភិវឌ្ឍវារីវប្បកម្ម។ ត្រូវប្តេជ្ញារួមគ្នាការពារ និងគ្រប់គ្រងធនធានជលផលដែលមានតម្លៃធំធេងនេះឱ្យខាងតែបាន ដើម្បី រក្សាជាកេរ្ត៍ដំណែល ដ៏ឧត្តុង្គឧត្តមដល់កូនចៅជំនាន់ក្រោយៗទៀត។

សូមបញ្ជាក់ផងដែរថា កន្លងមក អនុវិស័យជលផលនៅខេត្តរតនគិរី សម្រេចបាននូវ ស្នាដៃជាច្រើន រួមមាន៖ ការ
បង្កើតសហគមន៍នេសាទបានចំនួន ១៥ សហគមន៍ គ្របដណ្តប់ផ្ទៃ ក្រឡាដែននេសាទ ជិត ៧.០០០ ហិកតា មានសមាជិកសរុប ៣.៦៣១ នាក់ ស្រី ១.៤៨៦ នាក់ និងបានកំណត់និងចុះបញ្ជីអន្លង់អភិរក្សត្រីមេពូជ ចំនួន ៣៤ អន្លង់ លើផ្ទៃក្រឡា ប្រមាណ ៣២៥ ហិកតា ព្រមទាំងបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងបង្ក្រាបបទល្មើសជលផលជាបន្តបន្ទាប់។

ដោយឡែក ស្របតាមចក្ខុវិស័យនៃ គោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ ២០២២-២០៣០ និងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការកាត់បន្ថយ សម្ពាធលើការនេសាទហួសកម្រិតតាមធម្មជាតិ មន្ទីរជំនាញបាននិងកំពុងជំរុញការអភិវឌ្ឍវារីវប្បកម្ម យ៉ាងសកម្ម។ ការលើកកម្ពស់វារីវប្បកម្មនេះ គឺជាកូនសោរគន្លឹះក្នុងការជំរុញផលិតផលក្នុងស្រុក ធានាបាននូវការផ្គត់ផ្គង់សាច់ត្រីដែលមានគុណភាព សុវត្ថិភាពខ្ពស់ ឆ្លើយ តបបានទាំងស្រុងទៅ នឹងតម្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូន គ្រួសារកសិករនៅតាមជនបទ៕










 

Powered by Blogger.