រុស្ស៊ី អះអាងថាបានវាយប្រហារកំពង់ផែ និងនាវារបស់អ៊ុយក្រែននៅសមុទ្រខ្មៅ

ម៉ូស្គូ៖ ប្រទេសរុស្ស៊ីនៅថ្ងៃពុធនេះ​ បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារទៅលើទីក្រុង Odesa និង Chornomorsk របស់ប្រទេសអ៊ុយក្រែន ដោយបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងនាវាដែលខ្លួនអះអាងថា កំពុងដឹកជញ្ជូនផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ការវាយប្រហារថ្មីៗនេះបានវាយចំនាវាដឹកទំនិញស្ងួតមួយគ្រឿង ដែលកំពុងទម្លាក់ទំនិញនៅកំពង់ផែ Chornomorsk ព្រមទាំងបានវាយប្រហារលើឃ្លាំងស្តុកទំនិញយោធា និងអាងស្តុកប្រេងឥន្ធនៈផងដែរ។ បន្ថែមពីនេះ រុស្ស៊ីក៏បានវាយប្រហារទីតាំងស្តុកទំនិញនៅកំពង់ផែ Odesa និងនាវាដឹកទំនិញពីរគ្រឿងទៀត ដែលកំពុងដឹកទំនិញផ្គត់ផ្គង់កងទ័ពអ៊ុយក្រែន។ ក្រសួងបានបន្ថែមថា យន្តហោះដ្រូនរបស់រុស្ស៊ី ក៏បានវាយកម្ទេចឃ្លាំងស្តុកដ្រូនរបស់អ៊ុយក្រែនចំនួន ៣កន្លែងផងដែរ។

គួររំលឹកថា ក្នុងរយៈពេលជិត ៤ឆ្នាំកន្លះនៃសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន បានបង្កើនសកម្មភាពយោធារបស់ខ្លួនយ៉ាងខ្លាំងនៅក្នុង និងជុំវិញសមុទ្រខ្មៅ និងសមុទ្រអាហ្សូវ (Sea of Azov) ដោយភាគីនីមួយៗបានវាយប្រហារលើនាវារាប់សិបគ្រឿង រួមទាំងនាវាដឹកប្រេង និងនាវាដឹកទំនិញផ្សេងៗទៀត៕



 

Powered by Blogger.