ក្រសួងកសិកម្ម បញ្ជាក់ពីមូលហេតុសត្វផ្សោតមួយក្បាល ដែលប្រទះឃើញស្លាប់នៅក្រុងអរិយក្សត្រ
ខេត្តកណ្ដាល៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ មានករណីប្រទះឃើញសពសត្វផ្សោតមួយក្បាល នៅចំណុចកំពង់ចម្លងស្វាយជ្រុំ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា តាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជលផល
ដោយសហការជាមួយអង្គការ WWF បានបង្ហាញថា
សត្វផ្សោតនេះមានលេខសម្គាល់ ០១៨ ជាផ្សោតឈ្មោល មានអាយុប្រមាណពី ១២ ទៅ ១៤ឆ្នាំ ប្រវែង
២ម៉ែត្រ និងទម្ងន់ ៦៤គីឡូក្រាម ដែលធ្លាប់រស់នៅក្នុងតំបន់អន្លង់កាំពី ខេត្តក្រចេះ។
ផ្សោតមួយក្បាលនេះ គឺជាសត្វផ្សោតតែមួយ
ដែលធ្លាប់ត្រូវបានបងប្អូនប្រជានេសាទជួយសង្គ្រោះ និងដោះលែងពីមងនេសាទកាលពីថ្ងៃទី២១
ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្នុងស្ថានភាពសុខភាពទន់ខ្សោយជាខ្លាំង។
ផ្អែកលើលទ្ធផលកោសល្យវិច័យលើស្នាមរបួស
មន្ត្រីជំនាញសន្និដ្ឋានថា
សត្វផ្សោតនេះអាចបាត់បង់ជីវិតដោយសារទាក់ជាប់សន្ទូចរនងជាមុនសិន
រួចទើបមកជាប់នឹងមងនេសាទបន្ថែមទៀត
ហើយក្រោយមកក៏ត្រូវបានរកឃើញអណ្តែតស្លាប់នៅទីតាំងខាងលើ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ សូមសម្តែងនូវក្តីសោកស្តាយជាពន់ពេកចំពោះការបាត់បង់ធនធាន ជលផលដ៏កម្រនេះ។
ឆ្លៀតក្នុងឱកាសនេះ
ក្រសួងសូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកប្រកបរបរនេសាទ
សូមបន្តចូលរួមថែរក្សា ការពារ
និងត្រូវបញ្ឈប់ជាដាច់ខាតនូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ
ដើម្បីធានាឱ្យបាននូវការគង់វង្សនៃសត្វផ្សោតដែលនៅសេសសល់សម្រាប់កូនចៅជំនាន់ក្រោយ។
ទន្ទឹមនឹងនេះ
ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញសត្វផ្សោត (ជាពិសេសកូនផ្សោត) ជួបគ្រោះថ្នាក់
ឬសង្កេតឃើញមានសកម្មភាពនេសាទល្មើសច្បាប់
សូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់មកកាន់សមត្ថកិច្ចជលផល តាមរយៈខ្សែទូរស័ព្ទលេខ៖ ០១២
៨៩៧ ៩៤៣,
០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕




Post a Comment