ប្រមុខកងទ័ពអ៊ីស្រាអែលប្តេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងក្រុមហេសបូឡា
ហ្ស៊េរុយសាឡឹម៖ អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោកឧត្តមសេនីយ៍ អេយ៉ាល់ ហ្សាមៀ (Eyal Zamir) នៅថ្ងៃអាទិត្យ បានចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅប្រាសាទបុរាណ Beaufort ភាគខាងត្បូងប្រទេសលីបង់ ដោយប្តេជ្ញាថានឹងបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់។
លោក ហ្សាមៀ បានប្រាប់កងទ័ពថា
កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងបន្តប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់
ដើម្បីកម្ចាត់រាល់ការគំរាមកំហែងពីទឹកដីលីបង់ ហើយត្រៀមខ្លួនជានិច្ចក្នុងការវាយលុក
ប្រសិនបើមានការបំពានបទឈប់បាញ់ណាមួយកើតឡើង។ កងទ័ពអ៊ីស្រាអែលទើបតែបានវាយដណ្តើមយកប្រាសាទប្រវត្តិសាស្ត្រនេះឡើងវិញ
ដោយអះអាងថាបានរកឃើញបណ្តាញរូងក្រោមដីរបស់ហេសបូឡា
ដែលប្រើជាទីតាំងវាយប្រហារដ៏រឹងមាំក្បែរព្រំដែនអ៊ីស្រាអែល។
សូមជម្រាបថា
អ៊ីស្រាអែលធ្លាប់បានកាន់កាប់ប្រាសាទនេះធ្វើជាប៉ុស្តិ៍សង្កេតការណ៍អស់ជិតពីរទសវត្សរ៍
ក្រោយការឈ្លានពានលីបង់ក្នុងឆ្នាំ១៩៨២ មុនពេលដកទ័ពចេញនៅឆ្នាំ២០០០។ លោក ហ្សាមៀ
បានបញ្ជាក់ថា សកម្មភាពបច្ចុប្បន្នរបស់កងទ័ពអ៊ីស្រាអែល
គឺធ្វើឡើងស្របតាមកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយអាមេរិក
ប៉ុន្តែលោកព្រមានថារាល់ការគំរាមកំហែងណាមួយ នឹងត្រូវវាយបកកម្ទេចចោលភ្លាមៗ។
លោកក៏បានសង្កត់ធ្ងន់ថា កងទ័ពលីបង់ត្រូវតែគោរពតាមការសន្យារបស់ខ្លួន ក្នុងការបោសសម្អាតតំបន់នោះពីកងកម្លាំងហេសបូឡា។ ជម្លោះនេះបានផ្ទុះឡើងកាលពីខែមីនា បន្ទាប់ពីហេសបូឡាបានបាញ់រ៉ុក្កែតលើអ៊ីស្រាអែល ដើម្បីសងសឹកឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់ ដែលជំរុញឱ្យអ៊ីស្រាអែលវាយបកតាមអាកាស និងជើងគោកចូលទៅកាន់ភាគខាងត្បូងលីបង់៕

Post a Comment