សហរដ្ឋអាមេរិក ចាប់ផ្តើមការពិនិត្យមើលឡើងវិញ លើវត្តមានកម្លាំងយោធារបស់ខ្លួននៅអឺរ៉ុប
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានចាប់ផ្តើមការពិនិត្យមើលឡើងវិញ លើវត្តមានយោធារបស់ខ្លួននៅអឺរ៉ុប បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិលោក Pete Hegseth បានប្រាប់បណ្តាសមភាគីនៃក្រុមប្រទេសសមាជិកអង្គការ NATO កាលពីខែមិថុនាថា ទីក្រុងវ៉ាស៊ីនតោន កំពុងត្រៀមរៀបចំធ្វើការវាយតម្លៃបែបនេះ។
លោក Elbridge Colby អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក បានប្រកាសនៅលើបណ្តាញសង្គម X ថា «ដូចដែលលោករដ្ឋមន្ត្រី Hegseth បានលើកឡើងកន្លងមក គឺនេះនឹងជាការពិនិត្យឡើងវិញពិតប្រាកដមួយ
ដែលរៀបចំឡើងដើម្បីធានាថា NATO កំពុងឆ្ពោះយ៉ាងរហ័សនិងមិនអាចត្រឡប់ក្រោយបាន
ទៅរកការធ្វើឱ្យអឺរ៉ុបរ៉ាប់រងការទទួលខុសត្រូវស្នូល
សម្រាប់ការការពារខ្លួនពួកគេផ្ទាល់»។ លោក Colby បានបន្ថែមថា «លទ្ធផលនៃការពិនិត្យវាយតម្លៃឡើងវិញនេះ
នឹងបង្កើនល្បឿននៃការធ្វើអន្តរកាលរបស់ NATO ទៅជាសម្ព័ន្ធភាពមួយ
ដែលរឹងមាំ ស្មើភាពគ្នា និងមាននិរន្តរភាព»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
ធ្លាប់បានរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបជាច្រើនលើកច្រើនសា សម្រាប់ការឆ្លើយតបរបស់ពួកគេ
ចំពោះសង្រ្គាមរបស់លោកនៅអ៊ីរ៉ង់ រួមទាំងការបដិសេធមិនអនុញ្ញាតឱ្យកងកម្លាំងអាមេរិក
ប្រើប្រាស់មូលដ្ឋានយោធារបស់អឺរ៉ុប កាលពីពេលចាប់ផ្តើមជម្លោះ។ លោក Hegseth
ក៏បានគំរាមកាត់បន្ថយ ការចំណាយរបស់ទីក្រុងវ៉ាស៊ីនតោនលើ NATO ផងដែរ លុះត្រាតែសម្ព័ន្ធមិត្តសម្រេចបាន
នូវគោលដៅបង្កើនការចំណាយវិស័យការពារជាតិ។
ទីក្រុងវ៉ាស៊ីនតោន
បានបញ្ជាក់យ៉ាងច្បាស់ជាមួយអឺរ៉ុបថា ខ្លួនចង់ឱ្យសម្ព័ន្ធមិត្ត NATO
នៅលើទ្វីបអឺរ៉ុប ជាអ្នកទទួលខុសត្រូវចម្បង ចំពោះសន្តិសុខរបស់ពួកគេផ្ទាល់
ខណៈដែលសហរដ្ឋអាមេរិក បង្វែរការផ្តោតសំខាន់ទៅរកចិន។ ជាផ្នែកមួយនៃដំណើរការនោះ
ក្រសួងការពារជាតិអាមេរិក បានប្រាប់សម្ព័ន្ធមិត្តរួចជាស្រេចថា
ខ្លួនកំពុងកាត់បន្ថយធនធានយោធាទូទាំងពិភពលោក
ដែលខ្លួនចូលរួមចំណែកសម្រាប់ប្រតិបត្តិការរបស់ NATO៕ (AFP)

Post a Comment