កម្ពុជា-ប្រេស៊ីល ស្វែងរកកិច្ចប្រតិបត្តិការ វិស័យកសិឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍឧស្សាហកម្ម កសិឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។
ជំនួបនេះធ្វើឡើងស្របពេលដែលកម្ពុជា
និងប្រេស៊ីលទើបបើកស្ថានតំណាងប្រចាំប្រទេសរបស់ខ្លួនទៅវិញទៅមក
ដែលបង្កើតឱកាសថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល
សម្រួលពាណិជ្ជកម្មនិងវិនិយោគ និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន។
ឯកឧត្តម ហែម
វណ្ណឌី
បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញបរិវត្តកម្មឧស្សាហកម្ម
និងភាពចាំបាច់នៃការឈានចូលកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃ
តាមរយៈការពង្រឹងសមត្ថភាពផលិតក្នុងស្រុក និងការកែច្នៃកសិផល។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា
«កម្ពុជាកំពុងពន្លឿន ឧស្សាហូបនីយកម្ម
ខណៈយើងត្រៀម លក្ខណៈចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។
យើងស្វាគមន៍កិច្ចសហ ការកាន់តែជិតស្និទ្ធជាមួយប្រេស៊ីលលើការកែច្នៃកសិផល
គ្រឿងម៉ាស៊ីន ការចាប់យកបច្ចេកវិទ្យា ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ឧស្សាហកម្ម
និងសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា»។
ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានស្នើដល់សមភាគីប្រេស៊ីលឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន
នៃប្រទេសទាំងពីរ តាមរយៈភាពជាដៃគូជាក់ស្តែង រួមទាំងជាមួយវិទ្យាស្ថានស្រាវជ្រាវ
មន្ទីរពិសោធន៍ មជ្ឈមណ្ឌលមាត្រាសាស្ត្រ និងអង្គភាពបច្ចេកទេសពាក់ព័ន្ធ
ព្រមទាំងលើកទឹកចិត្តឱ្យធុរកិច្ចប្រេស៊ីលស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
លោកស្រី
ឯកអគ្គរដ្ឋទូត Vivian Loss Sanmartin បានលើកឡើងថា
ប្រេស៊ីលមើលឃើញសក្តានុពលដ៏ធំដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ
ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើការកែច្នៃអាហារ
កសិកម្មតំបន់ត្រូពិក រដ្ឋាភិបាលឌីជីថល ថាមពលកកើតឡើងវិញ និងកិច្ចសហការបច្ចេកទេស។
លោកស្រី Sanmartin បានលើកឡើងថា “ប្រេស៊ីលមានគ្រឿងបរិក្ខារ ជំនាញ
និងបច្ចេកវិទ្យាសមស្រប ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង
ក្នុងការបន្ថែមតម្លៃដល់កសិផលរបស់កម្ពុជា។
យើងចង់អភិវឌ្ឍកិច្ចសហប្រតិបត្តិការជាក់ស្តែង មិនមែនត្រឹមតែការពិភាក្សាទេ
ដើម្បីបង្កើតលទ្ធផលពិតប្រាកដសម្រាប់ប្រទេសទាំងពីរ»៕

Post a Comment