ថ្ងៃនេះ ខួប១ឆ្នាំ នៃអំពើឈ្លានពានប្រដាប់អាវុធយ៉ាងកម្រោលរបស់យោធាថៃ មកលើទឹកដីកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួប១ឆ្នាំ នៃការចាប់ផ្តើមអំពើឈ្លានពានប្រដាប់អាវុធយ៉ាងកម្រោល និងអមនុស្សធម៌ជាទីបំផុតមកលើព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីពួកគេបានបង្កនូវសកម្មភាពដែលនាំឱ្យមានភាពតានតឹង និងការបង្កហេតុជាបន្តបន្ទាប់ជាច្រើនលើកច្រើនសា។

ថ្ងៃនេះ ឆ្នាំមុន យោធាថៃបានបើកការវាយប្រហារមកលើទឹកដីកម្ពុជា ដោយបាញ់ប្រហារទៅលើកងកម្លាំងកម្ពុជា ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្ដើមពីចំណុចប្រាសាទតាមាន់ធំ និងបានពង្រីកការវាយប្រហារនៅពាសពេញខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

អំពើឈ្លានពានដ៏កម្រោលនេះ បានបង្កឱ្យមានការបាត់បង់ជីវិតវីរយុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ ការរងរបួស ការបង្ខំឱ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋាន និងការខូចខាតដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងប្រាសាទបុរាណខ្មែរដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិ។ ការឈឺចាប់ និងការបាត់បង់ដែលបន្សល់ទុកពីសង្គ្រាមឈ្លានពាននេះ នឹងនៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជាតិកម្ពុជា ហើយនឹងក្លាយជាពន្លឺដាស់ស្មារតីស្នេហាជាតិដ៏អមតៈ ដែលនឹងបន្តដុតបញ្ឆេះឆន្ទៈកូនខ្មែរគ្រប់ជំនាន់ ឱ្យក្រោកឈររួមសាមគ្គីគ្នាការពារអធិបតេយ្យភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិខ្មែរជារៀងរហូត។

ក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ដោយខិតខំប្រឹងប្រែងយ៉ាងសកម្ម និងឥតឈប់ឈរ ក្នុងការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី។ តាមរយៈកិច្ចការទូត ការចរចាទ្វេភាគី ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ កម្ពុជាបានបន្តស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការផ្តល់ជំនួយដល់អ្នករងគ្រោះ និងការការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី ដោយភាពអត់ធ្មត់ ភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ ក៏សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនគ្រប់រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងអាយុជីវិតក្នុងបុព្វហេតុការពារជាតិពីសត្រូវឈ្លានពាន។ សូមបួងសួងឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពាន និងសូមឱ្យដួងវិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕










 

Powered by Blogger.