កម្ពុជា បង្កើនកិច្ចសហការជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីរួមគ្នាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ កម្ពុជា កំពុងបង្កើនកិច្ចសហការជាមួយបណ្តាប្រទេសជាមិត្តដើម្បីរួមគ្នាជាសកល ក្នុងការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រោះកម្ពុជា ក៏មិនអាចប្រយុទ្ធប្រឆាំងតែឯងបាននោះដែរ។

នេះជាការលើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាឱកាសទទួលជួបលោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបនោះដែរ លោក Ueno Atsushi បានឱ្យដឹងថា ភាគីជប៉ុននឹងបន្តជំរុញវិនិយោគិនជប៉ុនឱ្យបន្តមក វិនិយោគនៅកម្ពុជា ទោះបីវិនិយោគិនខ្លះមានការលើកឡើងពីបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ក្តី។ លោក ឯកអគ្គរាជទូត បានបញ្ជាក់ថា «ជប៉ុនរីករាយនឹងសហការជាមួយកម្ពុជាលើការប្រយុទ្ធប្រឆាំង Online Scams និងបានចាត់ទុកបញ្ហានេះជាបញ្ហារបស់ប្រទេសទាំងអស់ក្នុងតំបន់ មិនមែនជាបញ្ហារបស់កម្ពុជាតែឯងនោះទេ«។ 

លោក ឯកអគ្គរាជទូត បានសម្តែងការគាំទ្រចំពោះកម្ពុជាក្នុងការប្រើប្រាស់យន្តការអន្តរជាតិ UNCLOS ហើយជប៉ុននឹងបន្តជួយកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន។

ជាកាឆ្លើយតប ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ មានលក្ខណៈជារចនាសម្ព័ន្ធ ដែលទាមទារឱ្យមានការដោះស្រាយដោយអត់ធ្មត់និងក្នុងរយៈពេលវែង។ កម្ពុជានៅតែបន្តប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់។ 

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាឧក្រិដ្ឋកម្មឆ្លងដែន ហើយកម្ពុជាគឺជាប្រទេសរងគ្រោះមួយ ក្នុងចំណោមប្រទេស ដែលទទួលរងផលប៉ះពាល់ពីប្រតិបត្តិការឆបោកតាមប្រព័ន្ធ  បច្ចេកវិទ្យា និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។

រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ និងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងមុតស្រួចជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធប្រឆាំងនិងបោសសម្អាតឧក្រិដ្ឋកម្មនេះឱ្យអស់ពីកម្ពុជា ដើម្បីលើកកេរ្តិ៍ឈ្មោះ និងកិត្តិយសប្រទេស។ កម្ពុជា ក៏កំពុងបង្កើនកិច្ចសហការជាមួយជាបណ្តាប្រទេសជាមិត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាជាសកល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រោះកម្ពុជាក៏មិនអាចប្រយុទ្ធប្រឆាំងតែឯងបាននោះដែរ៕





Powered by Blogger.