ខេត្តរតនគិរី រៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ការដុតបំផ្លាញគ្រឿងញៀន និងការរៀបចំទិវាដ៏មានសារសំខាន់នេះ បានធ្វើនៅសាលមហោស្រពរតនៈ រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ងួន គឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ថ្លែងក្នុងនេះ ឯកឧត្តម ស៊ូ សិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈ កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រី រាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំប្រឹងប្រែង រួមគ្នាចុះបង្ក្រាប បទល្មើសគ្រឿងញៀនក្នុងយុទ្ធនាការលើកទី១០ កន្លងទៅ សម្រេចបានលទ្ធផលយ៉ាងល្អ ប្រសើររហូតដល់ ៨២ ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១៩០ នាក់។ លទ្ធផលដំ ត្រចះត្រចង់នេះ បានចូលរួមកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ និងជាចលករដល់ការអនុវត្ត គោល
នយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» យ៉ាងពិតប្រាកដ។ ឯកឧត្តមអភិបាលរងខេត្តបន្តថា ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិ ចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន» រដ្ឋបាលខេត្ត បានដាក់ចេញនូវ «ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ ឆ្នាំ២០២៦» ដែលមានរយៈពេលមួយឆ្នាំពេញ។ យុទ្ធនាការនេះ គឺជាផែនទីបង្ហាញផ្លូវដ៏ សំខាន់សម្រាប់សម្រេចនូវក្តីសង្ឃឹម «កម្ពុជាគ្មានគ្រឿងញៀន នាអនាគត»និងបានដាក់ចេញនូវទិសស្លោក និងគោលការណ៍ណែនាំដាច់ខាត «៣កុំ ១រាយការណ៍» គឺ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងរាយការណ៍គ្រប់បទល្មើសគ្រឿងញៀន ព្រម ទាំងត្រូវបន្តចលនា «សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លា ជាប្រចាំ» នៅក្នុងជួរ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដើម្បីប្រែក្លាយសង្គមជាតិរឹងមាំ មានសុវត្ថិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ឆ្លើយតបប្រកបដោយឧត្តមនវានុវត្តន៍ ស្របតាមខ្លឹមសារស្នូល នៃប្រធានបទទិវារបស់យើងគឺ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកប ដោយភាពច្នៃប្រឌិត»

ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើការកោតសរសើរកងកម្លាំងប្រដាប់អាវុធ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ព្រមទាំងធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សចាត់ទុកគ្រឿងញៀនជាគ្រោះថ្នាក់បំផុត។ ការបដិសេធគ្រឿងញៀន និងបារីអេឡិច​ត្រូនិក និងអបាយមុខគ្រប់ប្រភេទ ព្រមទាំងចូលរួមផ្សព្វផ្សាយសារអប់រំដល់មិត្តភក្តិ ក្រុមគ្រួសារ និងសហ​គមន៍។ 

យោងតាមអនុសាសន៍ របស់សម្ដេចធិបតី នាយករដ្ឋមន្រ្តី សូមអំពាវនាវដល់បងប្អូនទាំងអស់ ជាពិសេសយុវជន សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាឃ្លាំង នៃចំណេះដឹង និងប្រព័ន្ធអប់រំដ៏មានវិសាលភាពសម្រាប់ទទួលបានការកម្សាន្តបែបអប់រំ, ខ្លឹមសារមេរៀនសំខាន់ៗពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីស្វែងយល់ពីសេវាបន្សាប ព្យាបាល និងស្ដារនីតិសម្បទា។ ព្រោះកម្មវិធីទូរស័ព្ទដៃ NoDrug ជាមធ្យោបាយរាយការណ៍សម្ងាត់ មានប្រសិទ្ធ​ភាពអំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។

សូមបញ្ជាក់ថា គ្រឿងញៀនដែលត្រូវបានធ្វើការដុតបំផ្លាញចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលេនេះជាប្រភេទ មេតំហេ្វតាមីន(ICE)​ ម៉ាទឹកកក មានទម្ងន់ចំនួន ៣គីឡូក្រាម៕











 

Powered by Blogger.