នាយករដ្ឋមន្ត្រីឥណ្ឌា ត្រៀមបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី អូស្ត្រាលី និងនូវែលសេឡង់ ដើម្បីពង្រឹងយុទ្ធសាស្ត្រតំបន់

ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី អូស្ត្រាលី និងនូវែលសេឡង់ ចាប់ពីថ្ងៃទី០៨ ដល់ទី១១ ខែកក្កដា ខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចនៅក្នុងតំបន់ ក្រោមគោលនយោបាយ «ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត» (Act East) របស់ឥណ្ឌា។

នៅថ្ងៃទី០៨ ដល់ទី០៩ កក្កដា លោក ម៉ូឌី នឹងជួបពិភាក្សាការងារនៅឥណ្ឌូណេស៊ី ដោយផ្តោតលើសន្តិសុខដែនសមុទ្រ ការពារជាតិ និងពាណិជ្ជកម្ម។ បន្ទាប់មកនៅថ្ងៃទី១០ លោកនឹងបន្តដំណើរទៅកាន់ទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៣ ដោយជជែកពីកិច្ចសហប្រតិបត្តិការយោធា បច្ចេកវិទ្យា និងសន្តិសុខសាយប័រ។ ដំណើរទស្សនកិច្ចនេះនឹងបញ្ចប់នៅប្រទេសនូវែលសេឡង់នៅថ្ងៃទី១១ កក្កដា។

សូមជម្រាបថា ទំនាក់ទំនងរវាងឥណ្ឌា និងនូវែលសេឡង់ ទើបតែសម្រេចបានសមិទ្ធផលប្រវត្តិសាស្ត្រ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីខែមេសា ដែលអនុញ្ញាតឱ្យទំនិញឥណ្ឌានាំចេញដោយរួចពន្ធ ១០០ភាគរយ ខណៈនូវែលសេឡង់ក៏បានសន្យាវិនិយោគទឹកប្រាក់ ២០ពាន់លានដុល្លារនៅឥណ្ឌា ក្នុងរយៈពេល ១៥ឆ្នាំខាងមុខផងដែរ៕ (CNA)



 

Powered by Blogger.