សិក្ខាសាលាស្តីពី «យេនឌ័រ ស្ត្រី សន្តិភាព និងសន្តិសុខ» ដើម្បីពង្រឹងតួនាទីស្ត្រីក្នុងការអភិវឌ្ឍ និងកសាងសន្តិភាពក្នុងសហគមន៍

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ដើម្បីលើកកម្ពស់សិទ្ធិ អំណាច និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងកិច្ចការសន្តិសុខ និងការអភិវឌ្ឍសង្គម នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ក.ដ.ទ) សហការជាមួយមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី បានរៀបចំ «សិក្ខាសាលាស្តីពី យេនឌ័រ ស្ត្រី សន្តិភាព និងសន្តិសុខ» ក្រោមវត្តមានលោកស្រី ស្រី សុធាវី នាយិកាប្រតិបត្តិ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី រួមទាំងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងភាគីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសណ្ឋាគារពេជ្រដា។

លោកស្រី ស្រី សុធាវី នាយិកាប្រតិបត្តិ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ បានឱ្យដឹងថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង បង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» ព្រមទាំងបើកវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីបញ្ជ្រាបការងារយេនឌ័រទៅក្នុងផែនការអភិវឌ្ឍន៍ខេត្ត ការពង្រឹងសុវត្ថិភាពសហគមន៍ និងការធ្វើសេចក្តីសម្រេចចិត្តនៅថ្នាក់មូលដ្ឋាន។

លោកស្រី បន្ថែមថា ការបញ្ជ្រាបការងារយេនឌ័រទៅក្នុងផែនការអភិវឌ្ឍន៍ខេត្ត និងកិច្ចការសន្តិសុខសហគមន៍ គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការធានាថា សំឡេង និងតម្រូវការរបស់ស្ត្រី ត្រូវបានឆ្លើយតបយ៉ាងសមស្រប ហើយការបើកឱកាសឱ្យស្ត្រីបានចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅថ្នាក់មូលដ្ឋាន មិនត្រឹមតែជួយពង្រឹងសុវត្ថិភាពសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងដល់ការដោះស្រាយទំនាស់ដោយសន្តិវិធី និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ ស្ថានភាពស្ត្រីក្នុងខេត្តមណ្ឌលគិរី មានការរីកចម្រើនជាបន្តបន្ទាប់ទាំងក្នុងវិស័យរដ្ឋ និងឯកជន។ ទោះជាយ៉ាងណា ចំនួនស្ត្រីជាអ្នកដឹកនាំនៅមានកម្រិតនៅឡើយ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំបន្តទៀត ដើម្បីឱ្យស្ត្រីទទួលបានឱកាស និងបង្កើនចំនួនស្ត្រីជាអ្នកដឹកនាំឱ្យកាន់តែច្រើនឡើង។

លោកស្រី ក៏បានជម្រុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ជាពិសេសស្ត្រី និងស្ត្រីជនជាតិដើមភាគតិច ឱ្យខិតខំពង្រឹងសមត្ថភាព ក្លាហានក្នុងការបញ្ចេញមតិ និងហ៊ានចូលរួមក្នុងកិច្ចការសម្រេចចិត្តក្នុងសហគមន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ និងបង្កើនចំនួនស្ត្រីជាអ្នកដឹកនាំឱ្យកាន់តែច្រើនឡើងនាពេលអនាគត៕












 

Powered by Blogger.