មីយ៉ាន់ម៉ា អនុម័តឱ្យមានទោសប្រហារជីវិត ចំពោះបទល្មើសអនឡាញស្កេម

ណៃពិដោ៖ សភានៃប្រទេសមីយ៉ាន់ម៉ា នាថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឱ្យមានទោសប្រហារជីវិតចំពោះអ្នកដែលឃុំខ្លួន ឬប្រើហិង្សាបង្ខិតបង្ខំជនរងគ្រោះ ឱ្យធ្វើការនៅតាមមជ្ឈមណ្ឌលប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធអ៉ីនធើណិត ឬហៅថា អនឡាញស្កេម (online scam)

លោក Aung Lin Dwe ប្រធានសភាសហភាពរបស់មីយ៉ាន់ម៉ា បានប្រកាសថា «សេចក្តីព្រាងច្បាប់ប្រឆាំងអំពើឆបោកតាមអ៊ីនធើណិត» ត្រូវបានអនុម័តហើយ បន្ទាប់ពីក្រុមសមាជិកសភា បានផ្តល់ការឯកភាព ចំពោះការកែសម្រួលនានានៅក្នុងសេចក្តីព្រាងច្បាប់នេះ អំឡុងការបើកសម័យប្រជុំរួមរវាងសភាជាន់ទាប និងសភាជាន់ខ្ពស់ កាលពីព្រឹកថ្ងៃអង្គារនេះ ក្នុងរដ្ឋធានីណៃពិដោ។

ខ្លឹមសារសេចក្តីព្រាងច្បាប់ ដែលធ្លាប់ចេញផ្សាយកាលពីខែឧសភា បានចែងថា ច្បាប់នេះរួមបញ្ចូលទាំងការផ្តន្ទាទោសចាប់ពី១០ឆ្នាំ ដល់ជាប់ពន្ធនាគារអស់មួយជីវិត ក៏ដូចជាទោសប្រហារជីវិត ចំពោះ «អំពើហិង្សា ការធ្វើទារុណកម្ម ការចាប់ខ្លួននិងឃុំខ្លួន ដោយខុសច្បាប់ ឬការប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងបុគ្គលម្នាក់ទៀត ក្នុងគោលបំណងបង្ខំឱ្យពួកគេ ប្រព្រឹត្តអំពើឆបោកតាមអ៉ីនធើណិត» ខណៈប្រសិនបើការប្រព្រឹត្តបទល្មើសបែបនេះ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្ស គឺត្រូវទទួលរងការផ្តន្ទាទោសប្រហារជីវិត។

សេចក្តីព្រាងច្បាប់ខាងលើ ក៏បានកំណត់ទោសជាអតិបរមា ឱ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ ចំពោះអ្នកដែលធ្វើប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមអ៊ីនធើណិត និងអ្នកដែលប្រព្រឹត្តអំពើឆបោកដោយប្រើរូបិយប័ណ្ណឌីជីថល ឬគ្រីបតូស្កេម (crypto scam)

សូមជម្រាបថា ច្បាប់ខាងលើ គឺជាច្បាប់ដំបូងគេ ត្រូវបានអនុម័តដោយរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា ដែលដឹកនាំដោយ អតីតប្រមុខរបបយោធា លោក Min Aung Hlaing។ រូបលោក គឺជាអ្នកដែលបានដឹកនាំរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១ ផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់របស់លោកស្រី អោងសាន ស៊ូជី និងបង្កឱ្យមានសង្គ្រាមស៊ីវិលអូសបន្លាយមកទល់​សព្វថ្ងៃ៕ (AFP)



 

Powered by Blogger.