ទាហានថៃ ៥នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅភាគខាងត្បូងប្រទេស
បាងកក៖ កងទ័ពថៃបានឱ្យដឹងថាទាហានរបស់ខ្លួន ៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង ស្ថិតនៅភាគខាងត្បូងនៃប្រទេស ហើយនេះជាការវាយប្រហារមួយដែលផ្ដាច់ជីវិត មនុស្សច្រើនបំផុតក្នុងពេលជាច្រើនឆ្នាំមកនេះ។
បើតាមក្រុមមន្ត្រីក្នុងតំបន់
ជនស៊ីវិល៦នាក់ក៏បានរងរបួសផងដែរ
នៅក្នុងការវាយប្រហារខាងលើដែលបានកើតឡើងកាលពីល្ងាចថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦
នៅខេត្ត Narathiwat
ជាទីដែលទាហានថៃ
កំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមផ្ដាច់ខ្លួនជាច្រើនទសវត្សរ៍មកហើយ។
កងទ័ពថៃបានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថាទាហានថៃទាំង៥នាក់
ត្រូវបានសម្លាប់នៅពេលខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ និងគប់
គ្រាប់បែកកែច្នៃលើប៉ុស្តិ៍ត្រួតពិនិត្យ Bukeh Sami អំឡុងពួកគេកំពុងធ្វើប្រតិបត្តិការការពារប្រជាជនក្នុងតំបន់។
មកទល់នឹងម៉ោងនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនេះទេ
ហើយមិនទាន់មានសេចក្ដីរាយការណ៍ពីការចាប់ខ្លួនជនសង្ស័យណាម្នាក់នោះដែរ។
សូមជម្រាបថា
ជម្លោះនៅភាគខាងត្បូងប្រទេសថៃចាប់តាំងពីឆ្នាំ២០០៤មក បានសម្លាប់មនុស្សច្រើនជាង
៧០០០នាក់ ខណៈក្រុមឧទ្ទាមផ្ដាច់ខ្លួនក្នុងតំបន់បន្តតស៊ូប្រយុទ្ធដើម្បីស្វ័យភាព។
ការវាយប្រហារភាគច្រើន របស់ក្រុមឧទ្ទាមផ្ដាច់ខ្លួន មានគោលដៅទៅលើកងកម្លាំងសន្តិសុខ៕ (AFP)

Post a Comment