ត្រាំ ជូនដំណឹងសភាអាមេរិកជាផ្លូវការថាសង្រ្គាមជាមួយអ៊ីរ៉ង់ផ្ទុះឡើងវិញ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើការជូនដំណឹងជាផ្លូវការទៅកាន់សភាអាមេរិកពីការចាប់ផ្ដើមជម្លោះឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី៧ ខែកក្កដា ហើយនេះជាលិខិតជូនដំណឹងមួយដែលរដ្ឋបាលរបស់លោកសម្លឹងឃើញថានឹងផ្ដល់ឱ្យពួកគេ ពេលវេលា ៦០ថ្ងៃជាថ្មីម្ដងទៀតដើម្បីប្រើប្រាស់កម្លាំងយោធាប្រឆាំងអ៊ីរ៉ង់ដោយមិនចាំបាច់មានការអនុម័តយល់ព្រមជាផ្លូវការ ពីសភា។
លោក ដូណាល់
ត្រាំ នៅក្នុងលិខិតជូនដំណឹងមួយចុះកាលបរិច្ឆេទកាលពីថ្ងៃទី១០ ខែកក្កដា បាននិយាយថារូបលោកបានបញ្ជាឱ្យយោធាអាមេរិកធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់
នៅក្រោមការទទួលខុសត្រូវរបស់លោក ដើម្បីការពារជនជាតិអាមេរិក រួមទាំងសន្តិសុខជាតិ
និងផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
លិខិតដដែលក៏បានគូសបញ្ជាក់ផងដែរពីសកម្មភាពរបស់លោក ត្រាំ
ក្នុងនោះរួមមានទាំងការបញ្ជាឱ្យមានបទឈប់បាញ់មួយរយៈពេល ២សប្ដាហ៍កាលពីថ្ងៃទី៧ ខែមេសា
និងដែលក្រោយមកត្រូវបានពន្យារបន្ថែម
ក៏ដូចជាកិច្ចប្រឹងប្រែងនៃរដ្ឋបាលរបស់លោកដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយការទូតមួយដើម្បីបិទបញ្ចប់ជម្លោះ។
ខណៈជម្លោះបានកើនឡើងជាថ្មី
លោក ត្រាំ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា
បាននិយាយថាសហរដ្ឋអាមេរិកនឹងអនុវត្តការបិទខ្ទប់មិនឱ្យកប៉ាល់ដឹកទំនិញធ្វើដំណើរចេញចូលកំពុងផែអ៊ីរ៉ង់ឡើងវិញ
ហើយនឹងធានាថាច្រកសមុទ្រនឹងបើកចំហសម្រាប់ការធ្វើនាវាចរដោយសេរី។
រដ្ឋធម្មនុញ្ញអាមេរិកបានចែងថាមានតែសភាប៉ុណ្ណោះ មិនមែនប្រធានាធិបតីនោះទេ
ដែលមានអំណាចក្នុងការប្រកាសសង្រ្គាម។ តែទោះជាបែបនេះក្ដី
ប្រធានាធិបតីនៅតែមានសិទ្ធិពិសេសក្នុងការបញ្ជាឱ្យធ្វើប្រតិបត្តិការយោធារយៈពេលខ្លីមួយ
ដោយមិនចាំបាច់ ស្នើសុំការអនុម័តយល់ព្រមពីសភាជាមុន៕

Post a Comment