​ប្រជាពលរដ្ឋរាយការណ៍ពីទីតាំងជល់មាន់មួយកន្លែងនៅស្រុកព្រៃនប់ ខណៈអាជ្ញាធររងការរិះគន់ថា «មិនហ៊ានបង្ក្រាប

អត្ថបទ : ទ្រី ហៀន

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាសន្តិសុខនិងសុវត្ថិភាពសង្គម បន្ទាប់ពីសង្កេតឃើញមានសកម្មភាពបើកលេងល្បែងស៊ីសង (ជល់មាន់) បៀរអាប៉ោង យោគី និងល្បែងជាច្រើនមុខទៀត យ៉ាងគគ្រឹកគគ្រេងនៅក្នុងដីឡូត៍មួយកន្លែងក្នុងមូលដ្ឋានរបស់ពួកគាត់ ដោយមានមនុស្សម្នាចេញចូលយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ។

​យោងតាមប្រភពពីប្រជាពលរដ្ឋក្នុងស្រុកបានប្រាប់បណ្តាញសារព័ត៌មានឱ្យដឹងថា ទីតាំងសៃវៀនជល់មាន់ខាងលើនេះ ហាក់បីដូចជាមានអំណាចនិងឥទ្ធិពលខ្លាំងក្លា ដែលធ្វើឱ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានចុះធ្វើការបង្ក្រាបឡើយ។
ការលើកឡើងរបស់ប្រជាពលរដ្ឋ៖
«ពួកយើងមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះមានមនុស្សប្លែកមុខចេញចូលច្រើន។ អ្វីដែលហួសចិត្តនោះ គឺអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់នេះមិនហ៊ានធ្វើការបង្ក្រាបឡើយ ទោះបីជាថ្នាក់ដឹកនាំស្រុក ឬខេត្តក៏ដោយ ក៏ហាក់ដូចជាមានការរារាំងពីក្រុមសន្តិសុខនៅទីនោះ ក្រោមឥទ្ធិពលរបស់ម្ចាស់សៃវៀនមាន់»។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេស លោកអភិបាលខេត្តព្រះសីហនុ និងលោកស្នងការនគរបាលខេត្ត មេត្តាជួយពិនិត្យ និងចាត់វិធានការក្តៅ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះផង ដើម្បីធានាបាននូវភាពសុខសាន្ត និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

​ ការបើកល្បែងស៊ីសងខុសច្បាប់ និងទោសទណ្ឌ
​យោងតាមច្បាប់ស្តីពី «ការបង្រ្កាបល្បែងស៊ីសង» នៃព្រះរាជាណាចក្រកម្ពុជា ការបើកសៃវៀនជល់មាន់ដោយគ្មានការអនុញ្ញាត គឺជាទង្វើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ៖ ​មាត្រា ៤ និងមាត្រា ៥៖ ជនណាដែលបើកកន្លែងល្បែងស៊ីសង អ្នកលេងល្បែង និងអ្នកចាត់ចែង ត្រូវប្រឈមមុខនឹងការផ្តន្ទាទោសពិន័យជាប្រាក់ និងទោសពន្ធនាគារ ទៅតាមទំហំនៃបទល្មើស។

​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តែងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយគ្មានការលើកលែង ឬយោគយល់ចំពោះបុគ្គលមានខ្នងបង្អែកណាមួយឡើយ។

​ជុំវិញករណីការចោទប្រកាន់ខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ មិនទាន់អាចសុំការបកស្រាយបំភ្លឺពីម្ចាស់ទីតាំងជល់មាន់ ឬអាជ្ញាធរដែនដីស្រុកព្រៃនប់បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។ យើងខ្ញុំនឹងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេល ដើម្បីធានាបាននូវតុល្យភាពព័ត៌មាន ប៉ុន្តែទោះយ៉ាងណាព័ត៌មាននេះ ចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ ឯកឧត្តមអភិបាលខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងខេត្តព្រះសីហនុ ដើម្បីមានវិធានការបង្ក្រាប៕ Video 







Powered by Blogger.