ឯកឧត្តម ប៉ែន បូណា ៖ ការងារព្រំដែន នៅតែជាកិច្ចការងារការទូតសកម្ម របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ស្ថានការណ៍វិវត្តថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ នៅតែជាកិច្ចការងារការទូត សកម្មរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ។

ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអ្នកនាំពាក្យ បានថ្លែងថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំតែងតែ ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនជាប់ជានិច្ច ។
ឯកឧត្តមបន្តថា ជាក់ស្តែង ក្នុងជំនួបទទួលសម្តែងការគួរសម ពីភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ដៃគូសន្ទនាអំពីស្ថានការណ៍វិវត្តថ្មីៗនៅតាមបណ្តោយព្រំដែន និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។

ឯកឧត្តម បន្ថែមថា ប្រមុខការទូតកម្ពុជា ក៏បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិកក្នុងការគាំទ្រសន្តិភាព ស្ថិរភាព និងការចូលរួមប្រកបដោយស្ថាបនានៅក្នុងតំបន់ ។ លោកស្រីភារធារីស្តីទីស្ថានទូតអាម៉េរិក បានបញ្ជាក់សាជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់ របស់សហរដ្ឋអាម៉េរិកចំពោះស្ថានការណ៍វិវត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនានិងការទូត៕



Powered by Blogger.