ខេត្តមណ្ឌលគិរី ប្រារព្ធទិវាជាតិ TVET លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET DAY) លើកទី៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។ ពិធីនេះបានប្រារព្ធឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំងប្រាំ វិស័យឯកជន លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត។លោក កោ គីមអាន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទិវាជាតិ TVET ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨ មក ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់គុណតម្លៃនៃការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ លោកបានបន្តថា ចំពោះការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅក្នុងខេត្តមណ្ឌលគិរី នាថេរវេលា ៥ខែដើមឆ្នាំ២០២៦ នេះ មានយុវជនចុះឈ្មោះចូលរៀនចំនួន ២៥៥នាក់ (ក្នុងនោះស្រី ២២៥នាក់) លើមុខជំនាញសំខាន់ៗរួមមាន៖ សេវាកម្ម, កុំព្យូទ័រ, អគ្គិសនី, សម្អាងកាយ និងជួសជុលម៉ូតូ។
ក្នុងឱកាសនោះដែរ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលខ្លឹមសារបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្ស តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ ក្នុងនោះ យុវជនមកពីគ្រួសារក្រីក្រដែលចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែបន្ថែមទៀត។
មានប្រសាសន៍បិទកម្មវិធី លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។ លោកបានសង្កត់ធ្ងន់ថា វិស័យ TVET ដើរតួនាទីជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ព្រោះវាជាការវិនិយោគរយៈពេលខ្លី ឆាប់បានផល និងផ្តល់ជំនាញច្បាស់លាស់។ ជាមួយគ្នានោះ លោកអភិបាលរងខេត្ត បានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធ និងជាពិសេសវិស័យឯកជន ឱ្យជួយជំរុញ និងបញ្ជូនយុវជនមកសិក្សា ព្រមទាំងផ្តល់ឱកាសដល់សិស្ស-និស្សិតបានចុះកម្មសិក្សាហាត់ការ និងទទួលយកទៅបំពេញការងារឱ្យបានកាន់តែច្រើន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តទាំងមូល៕












Post a Comment