រដ្ឋមន្រ្តី ហួត ហាក់៖ ប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌា នឹងទាក់ទាញទេសចរឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើន
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌា ពិតជាផ្តល់នូវភាពងាយស្រួល និងការទាក់ទាញបន្ថែមដល់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌាមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើង ជាពិសេសគឺនៅក្នុងរដូវកាលបៃតង និងព្រឹត្តិការណ៍យោគៈអន្តរជាតិដ៏ធំនៅកម្ពុជានាខែមិថុនានេះ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែមិថុនា
ឆ្នាំ២០២៦ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងឱកាសនៃពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់
UPI/QR ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា
និងសាធារណរដ្ឋឥណ្ឌា ដែលបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ដោយមានការចូលរួមពីលោក
Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ
និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ
និងមន្ត្រីរាជការជាន់ខ្ពស់ក្រសួង និងស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ពីធនាគារ
និងវិស័យឯកជន និងភ្ញៀវកិត្តិយសជាច្រើនរូប។
ក្នុងឱកាសនៃកម្មវិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី
បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានទូតឥណ្ឌា ធនាគារជាតិនៃកម្ពុជា
និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ
ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែននេះ
មិនត្រឹមតែជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ប្រជាជន
អាជីវកម្ម និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព
និងប្រសិទ្ធភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ
ដែលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យដ៏ទំនើប ធន់
និងមានភាពប្រកួតប្រជែង ដែលជាវិស័យត្រូវបានចាត់ទុកជា «មាសបៃតង»
ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី
និងជាប្រធានព្រឹទ្ធសភា។
ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានគាំទ្រចំពោះការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងប្រទេសទាំងពីរនេះ ដែលនឹងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ
គាំទ្រដល់អាជីវកម្មទេសចរណ៍ និងជំរុញការកសាងសេដ្ឋកិច្ចឌីជីថលដែលមានភាពតភ្ជាប់
និងបរិយាបន្ន និងជាការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ
ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។ បន្ថែមពីលើនេះ ប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែននេះ ក៏នឹងជួយលើកកម្ពស់បទពិសោធការធ្វើដំណើរដ៏រលូនរបស់ភ្ញៀវទេសចរ
និងប្រជាជនឥណ្ឌា និងបង្កើតឱកាសថ្មីៗ
សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា
តាមរយៈការបង្កើនចំនួនភ្ញៀវទេសចរ ការពង្រឹងការតភ្ជាប់ជើងហោះហើរ
ការលើកកម្ពស់ទេសចរណ៍សាសនា និងសុខុមាលភាព
ព្រមទាំងការពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។
សូមជម្រាបជូនថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជា
បានទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២.០០០នាក់
ហើយរំពឹងថាចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត តាមរយៈការពង្រឹងការតភ្ជាប់
ការសម្រួលការធ្វើដំណើរ និងការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗ ដែលជួយបង្កើនភាពងាយស្រួល
និងបទពិសោធរបស់ភ្ញៀវទេសចរ
ជាពិសេសព្រឹត្តការណ៍យោគៈអន្តរជាតិដែលនឹងរៀបចំនៅក្នុងប្រទេសកម្ពុជា៕





Post a Comment