ក្រុមហ៊ុន GAZ Group ចាប់អារម្មណ៍ និង ស្វែងរកឱកាសវិនិយោគលេីវិស័យយានយន្តនៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកនាយកផ្នែកនាំចេញនៃក្រុមហ៊ុន
GAZ
Group បានជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ី
និងនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ព្រមទាំងបានបញ្ជាក់ថាក្រុមហ៊ុន GAZ Group ជាក្រុមហ៊ុនដែលមានបទពិសោធន៍ប្រមាណ៩០ឆ្នាំក្នុងឧស្សាហកម្មយានយន្ត
ដែលមានរោងចក្រចំនួន១៥ និងបាននាំចេញយានយន្តទៅកាន់ប្រទេសចំនួន៤៣
ព្រមទាំងមានតំណាងចែកចាយចំនួន២៤០។ ក្រុមហ៊ុនផលិតរថយន្តជាច្រេីនម៉ូដែល
ដូចជា រថយន្តពាណិជ្ជកម្ម, រថយន្តដឹកទំនិញខ្នាតមធ្យម, រថយន្តក្រុង,
រថយន្តសង្គ្រោះបន្ទាន់ ជាដេីម
និងផលិតគ្រឿងបន្លាស់ផងដែរ។ លោកនាយកផ្នែកនាំចេញ
បានគោរពជម្រាបជូនសម្តេចធិបតីបន្ថែមថា ដោយសារបច្ចុប្បន្ន ក្រុមហ៊ុន GAZ Groupបាននិងកំពុងធ្វេីប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ាន និងមេីលឃេីញសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស
និងប្រកបដោយភាពធន់ ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង
និងចង់ស្វែងរកឱកាសវិនិយោគលេីវិស័យយានយន្តនៅកម្ពុជា។
ជាការឆ្លេីយតប, សម្តេចធិបតីស្វាគមន៍ចំពោះក្រុមហ៊ុនដែលចាប់អារម្មណ៍
និងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្តេចធិបតីបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយ
និងយន្តការចាំបាច់នានារបស់រាជរដ្ឋាភិបាល
ដេីម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ, សម្តេចធិបតីក៏បានណែនាំឱ្យក្រុមហ៊ុនសិក្សាបន្ថែមអំពីលទ្ធភាពក្នុងការវិនិយោគលេីការផលិតខ្សែច្រវាក់ផលិតកម្ម
( Supply
Chain) សម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានក្នុងតំបន់
តាមយុទ្ធសាស្រ្តបូកមួយ (Plus 1 Strategy) ផងដែរ។
មុននឹងបញ្ចប់, សម្តេចធិបតីបានលេីកទឹកចិត្តក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា
ដេីម្បីចាប់យកឱកាសវិនិយោគ និងរីកលូតលាស់ នៅកម្ពុជា៕

Post a Comment