ក្រុងកំពត ត្រៀមដាក់បេក្ខភាព ចូលជាសមាជិកបណ្តាញទីក្រុង ដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ របស់អង្គការយូណេស្កូ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពីការរៀបចំឯកសារបេក្ខភាពទីក្រុងកំពត ដើម្បីចូលជាបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network - UCCN)។
សិក្ខាសាលានេះ មានការចូលរួមពីឯកឧត្តម ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពតនិងភាគីពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី វិស័យឯកជន និងអ្នកជំនាញការ សរុបប្រមាណជាង២០០នាក់។
ក្នុងឱកាសនោះ
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា
សិក្ខាសាលាខាងលើនេះមិនត្រឹមតែជាវេទិកាពិគ្រោះយោបល់បច្ចេកទេសប៉ុណ្ណោះទេ
ប៉ុន្តែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា
ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ ភាពច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋានឱ្យទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូប្រចាំកម្ពុជា
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តកំពត
ក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំឯកសារបេក្ខភាពនេះ
ព្រមទាំងបានកោតសរសើរចំពោះប្រជាពលរដ្ឋ សិប្បករ សហគ្រិន ផលិតករ
និងចុងភៅក្នុងខេត្តកំពត ដែលបានរួមចំណែកថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌
និងម្ហូបអាហារប្រចាំតំបន់ឱ្យមានភាពលេចធ្លោ។
ឯកឧត្តមរដ្ឋមន្ត្រី
បានបញ្ជាក់ថា ខេត្តកំពតមានសក្តានុពលដ៏សម្បូរបែប ទាំងផ្នែកធនធានធម្មជាតិ
ទេសភាពស្រស់ស្អាត បេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង
និងផលិតផលកសិទេសចរណ៍ដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ហើយមានភាពល្បីល្បាញលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត
អំបិល និងផ្កាអំបិលកំពត ទឹកត្រីកំពត ព្រមទាំងធុរេនកំពត និងគ្រឿងសមុទ្រស្រស់ៗ
ដែលសុទ្ធសឹងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ។
ជាមួយគ្នានេះ
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា
ទេសចរណ៍សម័យថ្មីមិនត្រឹមតែផ្តោតលើការទស្សនាទេសភាពប៉ុណ្ណោះទេ
ប៉ុន្តែភ្ញៀវទេសចរចង់ទទួលបានបទពិសោធន៍ពិតប្រាកដ តាមរយៈវប្បធម៌ ម្ហូបអាហារ សិល្បៈ
តន្ត្រី។ល។ ដូច្នេះ ការចូលរួមក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់យូណេស្កូផ្នែកម្ហូបអាហារ
នឹងក្លាយជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើនការប្រកួតប្រជែង
និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានលើកទឹកចិត្ត និងជំរុញដល់រាជធានី និងខេត្តផ្សេងៗក្នុងការចុះសិក្សា
ស្វែងរក ជីកកកាយ និងបង្ហាញនូវសក្តានុពលវប្បធម៌ អាហារ និងភាពច្នៃប្រឌិត
ដែលលាក់កំបាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន
ដើម្បីត្រៀមខ្លួនចូលរួមក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូនាពេលអនាគត។
ជាទីបញ្ចប់
ឯកឧត្តមរដ្ឋមន្រ្ តីបានសម្តែងជំនឿយ៉ាងមុតមាំថា
តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ
ទីក្រុងកំពតនឹងអាចលើកកម្ពស់កិត្យានុភាពរបស់ខ្លួន
និងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌
ភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ
និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
គូសបញ្ជាក់ថា ទីក្រុងបាត់ដំបងត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ
(Gastronomy) កាលពីឆ្នាំ២០២៣
ដែលបានបង្ហាញយ៉ាងច្បាស់ពីសក្តានុពលវប្បធម៌
និងភាពច្នៃប្រឌិតរបស់កម្ពុជាទៅកាន់ពិភពលោក៕








Post a Comment