សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ ព្រោះបើគ្មានសន្តិភាព ក៏មិនអាចមានការអប់រំ និងការអភិវឌ្ឍដែរ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី បើកមហាសន្និបាត កាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជាពិតជាមានកិត្តិយស ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដែលនេះជាឱកាសដ៏ល្អក្នុងការបង្ហាញ ពីសក្តានុពលទៅកាន់មិត្តបរទេសនានា។
សម្តេចធិបតីបន្តថា “អ្នកទាំងអស់គ្នាអាចឃើញវឌ្ឍនភាព និងសន្តិភាពនៅកម្ពុជា ។ សន្តិភាពគឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាពទេ យើងក៏មិនអាចនិយាយពីការអប់រំ ការអភិវឌ្ឍ ការចូលរួមរបស់ស្រ្តីឬក៏អនាគតរបស់យុវជនបានឡើយ” ។

សម្តេច បន្ថែមថា ដោយសារសន្តិភាពនេះហើយ ទើបកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បង្កើនឱកាសការងារ បង្កើនឱកាសសិក្សា លើកកម្ពស់សុខុមាលភាពសង្គម និងបើកទ្វារទទួលមិត្តអន្តរជាតិ មកចែករំលែកចំណេះដឹង បទពិសោធន៍ និងមិត្តភាពជាមួយប្រជាជនកម្ពុជា ។

សម្តេចធិបតីមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤២ របស់សហគមន៍នេះ បានបង្ហាញពីទំនុកចិត្ត របស់សហគមន៍អន្តរជាតិ ចំពោះកម្ពុជា និងជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជា ក្នុងការចូលរួមជាមួយចលនាសាកល ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ សេវាសង្គម លើកកម្ពស់ភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវនិងអនាគតរបស់ក្មេងស្រី និងយុវនារី ៕



Powered by Blogger.