អូស្ត្រាលី ផ្តល់ហិរញ្ញប្បទាន១.៥ លានដុល្លារអូស្រ្តាលី គាំទ្រការស្តារឡើងវិញ និងសកម្មភាពមីនតាមសហគមន៍រងផលប៉ះពាល់តាមព្រំដែនកម្ពុជា

ភ្នំពេញ ៖ អូស្ត្រាលី បានផ្តល់ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការស្តារឡើងវិញ និងសកម្មភាពមីន នៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមព្រំដែនរបស់កម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង ជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង វិភាគទានរវាងប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ និងសកម្មភាពមីននៅតាមសហគមន៍ ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តិឡើងនៅទីស្នាក់ការអាជ្ញាធរមីន ក្រោមការចូលរួមចុះហត្ថលេខារវាង លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និង លោក Enrico Gaveglia អ្នកតំណាងអង្គការ UNDP ប្រចាំកម្ពុជា។ តាមកិច្ចព្រមព្រៀងនេះ ប្រទេសអូស្រ្តាលី បានផ្តល់វិភាគទានចំនួន ១.៥ លានដុល្លារអូស្រ្តាលី តាមរយៈ ”គម្រោងបោសសម្អាត ដើម្បីលទ្ធផលដំណាក់កាលទី V (CfR-V)” ដែលជាគម្រោងមានម្ចាស់ជំនួយជា ច្រើន រួមមាន រដ្ឋាភិបាលកម្ពុជា អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ ហើយអនុវត្តរួមគ្នាដោយអាជ្ញាធរមីន និងអង្គការ UNDP។

ជំនួយនេះនឹងគាំទ្រលើកិច្ចការបោសសម្អាតមីន ការអប់រំអំពីហានិភ័យយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការគាំទ្រជីវភាពរស់នៅរបស់ប្រជាជនផ្លាស់ទីលំនៅ ព្រមទាំងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចសង្គម ក្នុងខេត្តចំនួនបួន រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ ដែលជាខេត្តរងផលប៉ះពាល់ខ្លាំងដោយសារជម្លោះតាមព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា សកម្មភាពមីន នៅកម្ពុជា គឺជាដៃគូអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ យូវអង្វែងមួយដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៩២ មក ថវិកាប្រមាណជាង ១ពាន់លានដុល្លារ ត្រូវបានវិនិយោគលើការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ការជួយជនរងគ្រោះ និងការពារសហគមន៍ ដែលក្នុងនោះប្រមាណ ៧០ ភាគរយ ជាជំនួយពីសហគមន៍អន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ ការវិនិយោគជាតិប្រកបដោយនិរន្តរភាព ក្នុងសកម្មភាពមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តីបន្ថែមថា អូស្ត្រាលីជាដៃគូសកម្មភាពមីនដែលគួរឱ្យទុកចិត្តមួយរបស់កម្ពុជាតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ និងបានគាំទ្រគម្រោង CfR តាំងពីដំណាក់កាលទី១ ឆ្នាំ២០០៦ ដោយមានវិភាគទានសរុប ៤៥.៣១ លានដុល្លារអូស្រ្តាលី។ ការចូលរួមចំណែកក្នុងដំណាក់កាល CfR-V បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គោះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ UNDP ដែលបានឈរជាមួយអាជ្ញាធរមីនជិត ២០ ឆ្នាំកន្លងមក តាមរយៈគម្រោង CfR ដែលបានរួមចំណែករំដោះផ្ទៃដីប្រមាណ ៤២៧ គីឡូម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋកម្ពុជា ស្មើនឹង ១៣.៥ ភាគរយនៃលទ្ធផលសរុបនៃការបោសសម្អាតទូទាំងប្រទេស៕







Powered by Blogger.