កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Adhishek Arora នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ
ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពឥណ្ឌា
ដែលបានគាំទ្រកម្ពុជាជាបន្តបន្ទាប់លើការបណ្តុះបណ្តាលធនធានមនុស្ស
បង្កើនវគ្គសិក្សាជាច្រើនជំនាញ។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសមយុទ្ធទ្វេភាគីកម្ពុជា-ឥណ្ឌា លើកទី២
ក្នុងឆ្នាំ២០២៦ ដែលបានរួមចំណែកពង្រឹងសមត្ថភាព
និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។
ប្រភពព័ត៌មានពីអគ្គមេបញ្ជាការដ្នានកងយោធពលខេមរភូមិន្ទ
បានឱ្យដឹងថា ឯកឧត្តម វង្ស ពិសេន
បានស្នើឱ្យភាគីឥណ្ឌាបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន
ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ
បេសកកម្មរក្សាសន្តិភាព ការដោះមីន កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព
ការធ្វើសមយុទ្ធរួម និងការចូលចតនាវា។
ជាការឆ្លើយតប
លោកវរសេនីយ៍ឯក Adhishek
Arora បានបង្ហាញនូវក្តីរីករាយចំពោះការបំពេញបេសកកម្មការទូតយោធានៅកម្ពុជា
និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពកម្ពុជា-ឥណ្ឌា។
លោកបានកោតសរសើរចំពោះសមត្ថភាពរបស់កងទ័ពកម្ពុជា ក្នុងការចូលរួមសមយុទ្ធរួមទាំងពីរលើក
ដែលទទួលបានលទ្ធផលល្អប្រសើរ។
លោកក៏បានគូសបញ្ជាក់ថា
ឥណ្ឌាស្វាគមន៍ និងត្រៀមខ្លួនបន្តគាំទ្ររាល់សំណើរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាល
និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ស្របតាមតម្រូវការជាក់ស្តែង។ លើសពីនេះ ឥណ្ឌា
ដែលមានភាពជឿនលឿនក្នុងឧស្សាហកម្មការពារជាតិ ក៏មានលទ្ធភាពគាំទ្រលើបច្ចេកវិទ្យា និងឧបករណ៍ទំនើប
ដូចជាឧបករណ៍ដោះមីន និងដ្រូនស៊ើបការណ៍ជាដើម។
ជាមួយគ្នានេះ
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការពេញចិត្ត
និងថ្លែងអំណរគុណចំពោះភាគីឥណ្ឌា ដែលបានបន្តយកចិត្តទុកដាក់
និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពកងទ័ពកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ
សន្តិភាព និងស្ថិរភាពក្នុងតំបន់៕




Post a Comment