សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
អញ្ជើញអមដំណើរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត
រួមមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឧបនាយករដ្ឋមន្ត្រី ប្រាក់
សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី
មន្ត្រីរាជរដ្ឋាភិបាលសំខាន់ៗ និងតំណាងធុរកិច្ចពីសភាពាណិជ្ជកម្មកម្ពុជា
និងសមាគមឧកញ៉ាកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
នឹងមានជំនួបទ្វេភាគីជាមួយលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម
ដែលថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០
នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរគ្រោងនឹងលើកយកមកពិភាក្សាផងដែរនូវបញ្ហាតំបន់
និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួម។
ក្នុងឱកាសទស្សនកិច្ចនេះសម្តេចបវរធិបតី ហ៊ុន
ម៉ាណែត នឹងជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះ លោក តូ ឡឹម
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងលោក
ជិន ថាញ់មិន ប្រធានរដ្ឋសភាជាតិវៀតណាម។
សម្ដេចធិបតីនឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក
«វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ
រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាពវិបុលភាព
និងប្រជាជនជាស្នូលដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យពាណិជ្ជកម្មការវិនិយោគ
និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន៕








Post a Comment