អ៊ីស្រាអែលបើកការវាយប្រហារថ្មីលើប្រទេសអ៊ីរ៉ង់ ក្រោយអ៊ីរ៉ង់បាញ់មីស៊ីល

ហ៊្សេរុយសាឡិម៖ អ៊ីស្រាអែលបានឱ្យដឹងថា នៅថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ខ្លួនបានវាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៊ីរ៉ង់ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រូវបានរាយការណ៍ថា ប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កុំឱ្យវាយប្រហារសងសឹកអ៊ីរ៉ង់ក៏ដោយ។

កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ អ៊ីរ៉ង់បានបាញ់មីស៊ីលដាក់គោលដៅនៅអ៊ីស្រាអែល បន្ទាប់ពីក្នុងថ្ងៃដដែលនោះ អ៊ីស្រាអែលបានបើកការវាយប្រហារលើ​តំបន់ជាយរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ជាលើកដំបូង ចាប់តាំងពីសហរដ្ឋអាមេរិក បានប្រកាសផែនការឈប់បាញ់សម្រាប់លីបង់ កាលពីសប្តាហ៍មុន។

ភ្លាមៗ លោក ត្រាំ បានអះអាងថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅជាយទីក្រុងបេរូត និងការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល គឺនឹងមិនប៉ះពាល់ចំពោះកិច្ចប្រឹងប្រែងចរចា ដើម្បីបញ្ចប់សង្រ្គាមជារួមនៅមជ្ឈិមបូព៌ានោះទេ ហើយលោកប្រធានាធិបតីអាមេរិក​ ត្រូវបានរាយការណ៍ថាប្រាប់លោក Netanyahu កុំឱ្យបើកការវាយប្រហារថ្មីទៀត ជាពិសេសការសងសឹកអ៊ីរ៉ង់ ដែលបានបាញ់មីស៊ីលលើអ៊ីស្រាអែល។

ទោះជាបែបនេះក៏ដោយ ត្រឹមតែប៉ុន្មានម៉ោងក្រោយការអះអាងរបស់លោក ត្រាំ យោធាអ៊ីស្រាអែល បានប្រកាសថា នៅថ្ងៃចន្ទនេះ កងកម្លាំងរបស់ខ្លួន បានវាយប្រហារគោលដៅយោធារបស់អ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានរាយការណ៍ពីស្នូរផ្ទុះនៅទីក្រុងមួយចំនួន រួមទាំងរដ្ឋធានីតេហេរ៉ង់៕ (Reuters)



Powered by Blogger.