សម្ដេចតេជោ ជ្រើសយកអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រៀបចំកិច្ចប្រជុំអន្តរជាតិមួយ នៃព្រឹទ្ធសភានិងរដ្ឋសភា នៅខែសីហាខាងមុខនេះ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សម្រាប់ការកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅខែសីហាខាងមុខនេះ នឹងរៀបចំនៅទីតាំងអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ។
«សន្និសីទប្រធានសភានៃអន្តរសភា
(ISC)» លើកទី២ គ្រោងនឹងធ្វើឡើងនៅកម្ពុជា នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ សន្និសីទនេះ
ជាវេទិកាការទូតសភាកម្រិតខ្ពស់លក្ខណៈអន្តរជាតិ
ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមក
ពីបណ្តាប្រទេសនានា ដើម្បីជែកពិភាក្សានិងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល។
ក្នុងពិធីដដែលនោះ
សម្ដេចតេជោ បានថ្លែងកោតសសើរចំពោះ លោក គង់ វិបុល
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន
ដែលបានខិតខំក្នុងការដឹកនាំរៀបចំអគារទីស្នាក់ការកណ្ដាលថ្មីនេះ ឱ្យមានភាពប្រណីត
ទំនើប និងផ្សាភ្ជាប់ជាមួយទំនៀបទម្លាប់វប្បធម៌ជាតិ។
ទីធ្លាធំទូលាយ
អមដោយបរិយាកាសដ៏ល្អ ស័ក្តិសមបំផុតសម្រាប់ការរៀបចំកិច្ចប្រជុំនៅទីតាំងអគារនេះ, សម្ដេចប្រមុខរដ្ឋស្ដីទី ប្រកាសថា
នឹងជ្រើសរើសអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ
សម្រាប់រៀបចំកិច្ចប្រជុំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិ នៅខែសីហាខាងមុខ
ខណៈកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា៖ «ក្នុងឋានៈខ្ញុំជាប្រធានព្រឹទ្ធសភា ដែលពេលនោះនឹងដឹកនាំការប្រជុំ
ប្រកាសសម្រេចយកទីស្នាក់ការនេះ ធ្វើជាកន្លែងប្រជុំអន្តរជាតិដ៏ធំមួយនេះ»។
អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ
ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីកម្ពុជា។ អគារនេះស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
ជាអគាររដ្ឋដែលធំជាងគេ ដោយត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ២៥,៧៥៥ម៉ែត្រការ៉េ និងនៅលើផ្ទៃក្រឡាសរុបចំនួន ១៥៩,៦៣៤ម៉ែត្រការ៉េ។ អគារនេះមានអគារការិយាល័យរដ្ឋបាលសរុបចំនួន ៣០ជាន់
និងអគារពាណិជ្ជកម្មចំនួន ៤ជាន់ ដែលត្រូវបានសាងសង់ឡើងដោយខ្មែរស្ទើរទាំងស្រុង
និងប្រើប្រាស់ផលិតផលក្នុងស្រុក៕


Post a Comment