ចិន ប្រកាសគាំទ្រយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍការ អប់រំបច្ចេកទេសវិជ្ជាជីវៈ នៅកម្ពុជា
ភ្នំពេញ ៖ ចិន បានប្រកាសគាំទ្រយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍការអប់រំបច្ចេកទេសវិជ្ជាជីវៈ នៅកម្ពុជា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងវិទ្យាស្ថានវិជ្ជាជីវៈចិន និងកម្ពុជា ផងដែរ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអបអរសាទរយ៉ាងកក់ក្តៅចំពោះទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈលើកទី៩ របស់ប្រទេសកម្ពុជា។លោក ឯកអគ្គរដ្ឋទូត ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការបរិច្ចាគសៀវភៅ ស្តង់ដារវិជ្ជាជីវៈជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដល់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើជាសាក្សីរួមគ្នាជាមួយ លោក ហេង សួរ ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន BYD និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលបច្ចេកវិទ្យាយានយន្តថាមពលថ្មី»។
លោក ឯកអគ្គរដ្ឋទូត បន្ដថា «ភាគីចិនគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍការអប់រំបច្ចេកទេសវិជ្ជាជីវៈ នៅកម្ពុជា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងវិទ្យាស្ថានវិជ្ជាជីវៈចិន និងកម្ពុជា ដើម្បីផ្តល់ការគាំទ្រទេពកោសល្យយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍជាតិរបស់កម្ពុជា»។
សូមរំលឹកថា គិតនៅត្រឹមខែឧសភា ឆ្នាំ២០២៦ មានគ្រឹះស្ថាន TVET ក្រោមឱវាទក្រសួងសរុបចំនួន២៦២ គ្រឹះស្ថាន ក្នុងនោះ គ្រឹះស្ថាន TVET សាធារណៈចំនួន ៣៧គ្រឹះស្ថាន, គ្រឹះស្ថាន TVET ឯកជនចំនួន២០១ គ្រឹះស្ថាន និងអង្គការ/សមាគមចំនួន ២៤គ្រឹះស្ថាន ដោយបានផ្តល់ការបណ្តុះបណ្តាលទាំងរយៈ ពេលខ្លី មធ្យម និងវែង ជាមធ្យមប្រមាណ៦ម៉ឺននាក់ និងការហ្វឹកហ្វឺនកូនជាង ជាមធ្យមប្រមាណជាង៣ម៉ឺននាក់ ក្នុងមួយឆ្នាំ៕



Post a Comment