រលកកម្ដៅវាយប្រហារលើតំបន់អឺរ៉ុប, មនុស្សយ៉ាងហោច ១៨នាក់ស្លាប់ ក្នុងប្រទេសបារាំង
ប៉ារីស៖ មនុស្សយ៉ាងហោច ១៨នាក់បានស្លាប់នៅក្នុងប្រទេសបារាំង ក្នុងនោះរួមមានទាំងកុមារ ២នាក់ដែលត្រូវបានគេទុកចោលក្នុងរថយន្ដមួយគ្រឿង ខណៈរលកកម្ដៅ កំពុងវាយប្រហារលើតំបន់អឺរ៉ុប ដោយធ្វើឱ្យសីតុណ្ហភាពឡើងកម្ដៅនៅតាមបណ្ដាទីក្រុងជាច្រើនកាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦។
ក្រុមរដ្ឋអាជ្ញាក្នុងទីក្រុង
Carpentras
ស្ថិតនៅភាគខាងអាគ្នេយ៍ប្រទេសបារាំង
បានឱ្យដឹងថាក្រុមអ្នកជួយសង្រ្គោះមិនអាចសង្រ្គោះជីវិតកុមារ ២នាក់ ម្នាក់មានអាយុ
២ឆ្នាំ និងម្នាក់ទៀតអាយុ៤ឆ្នាំ
ដែលម្ដាយរបស់ពួកគេបានប្រទះឃើញសន្លប់ស្ដូកស្ដឹងនៅក្នុងរថយន្ដនៅក្រៅផ្ទះឱ្យបានទាន់ពេលវេលានោះទេ។
មន្ត្រីក្នុងតំបន់ម្នាក់ក៏បានប្រាប់ទូរទស្សន៍បារាំង France TV កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅដែរថាមនុស្សចាស់ ៣នាក់មានអាយុចន្លោះពី ៨០
ដល់៩៥ឆ្នាំបានស្លាប់នៅក្នុងទីក្រុង Bordeaux ដោយសារបញ្ហាសុខភាព បង្កឡើងដោយរលកកម្ដៅ។
ចំណែក
អ្នកនាំពាក្យសេវាសុវតិ្ថភាពជនស៊ីវិលរបស់បារាំង លោក Jerome Boulanger វិញបានឱ្យដឹងថាមនុស្ស
១៣នាក់ត្រូវបានរាយការណ៍ថាបានលង់ទឹកស្លាប់រាបចាប់ពីថ្ងៃអាទិត្យ
ដល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ។ អត្រាអ្នកលង់ទឹកស្លាប់បានកើនឡើង
១៧២ភាគរយក្នុងប្រទេសបារាំងកាលពីឆ្នាំ២០២៥ អំឡុងរលកកម្ដៅ ខណៈប្រជាជនបារាំងនាំគ្នា
ចុះត្រាំទឹកឱ្យត្រជាក់ខ្លួន។
ខណៈបារាំងបានបិទសាលារៀនមួយចំនួន
ឬផ្លាស់ប្ដូរម៉ោងសិក្សា
ក្រុមអ្នកព្យាករអាកាសធាតុនៅក្នុងចក្រភពអង់គ្លេសបានព្យាករថាសីតុណ្ហភាពអាចនឹងឡើងកម្ដៅ
បំបែកកំណត់ត្រាសម្រាប់ខែមិថុនា នៅក្នុងសប្ដាហ៍នេះ។ សីតុណ្ហភាពនៅក្នុងទីក្រុង Bordeaux ស្ថិតនៅភាគខាងលិចនៃប្រទេសបារាំងបានឡើងដល់ ៤១,៩អង្សាសេ បំបែកកំណត់ត្រាកាលពីខែសីហា ឆ្នាំមុន។ នៅឯទីក្រុង Poitiers ស្ថិតនៅភាគកណ្ដាលប្រទេសបារាំង សីតុណ្ហភាពបានឡើងកម្ដៅដល់ ៤១,២អង្សាសេ ខណៈសីតុណ្ហភាព ក្នុងទីក្រុង San Sebastian ស្ថិតនៅភាគខាងជើងនៃប្រទេសអេស្ប៉ាញដែលធ្លាប់តែត្រជាក់នោះ ក៏បានឡើងដល់
៤០អង្សាសេផងដែរ៕ (Reuters)

Post a Comment