សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើមន្ត្រី និងអង្គភាពកងទ័ពអ៊ីរ៉ង់ ជុំវិញការបិទច្រកសមុទ្រហ័រមូស

នីកូសៀ៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ បានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីអ៊ីរ៉ង់ចំនួន ២រូប និងអង្គភាពកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ក្រោមបទចោទប្រកាន់ថាបានគំរាមកំហែងដល់សេរីភាពនាវាចរណ៍នៅច្រកសមុទ្រហ័រមូស។

នេះគឺជាលើកដំបូងបង្អស់ដែល EU បានប្រើប្រាស់យន្តការថ្មីរបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការរឹតត្បិតផ្លូវនាវាចរណ៍។ ស្ថាប័ននេះបានដាក់បញ្ចូលបញ្ជាការដ្ឋានកងទ័ពជើងទឹក IRGC ប្រចាំខេត្ត Hormozgan ព្រមទាំងលោក ម៉ូហាម៉ាត់ អាក់បាហ្ស៊ីដា (Mohammad Akbarzadeh) មេបញ្ជាការរងកងទ័ពជើងទឹក IRGC និងលោក ហាមីដ ហូសេនី (Hamid Hosseini) តំណាងសហភាពអ្នកនាំចេញប្រេងរបស់អ៊ីរ៉ង់ ទៅក្នុងបញ្ជីខ្មៅ។

ប្រមុខគោលនយោបាយការបរទេសរបស់ EU លោកស្រី កាយ៉ា កាឡាស់ (Kaja Kallas) បានសង្កត់ធ្ងន់ថា សកម្មភាពបិទច្រកសមុទ្ររបស់អ៊ីរ៉ង់ គឺជារឿងដែលមិនអាចទទួលយកបានឡើយ ហើយសហភាពអឺរ៉ុបនឹងបន្តអនុវត្តវិធានការក្តៅនេះបន្ថែមទៀត ប្រសិនបើមានការចាំបាច់។ គួរបញ្ជាក់ថា អ៊ីរ៉ង់បានបិទខ្ទប់ច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រមាណមួយភាគប្រាំនៃពិភពលោក បន្ទាប់ពីរងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈមកម្ល៉េះ៕ (Reuters)



 

Powered by Blogger.