កិច្ចចរចាកម្រិតខ្ពស់ជុំទី១រវាងអាមេរិកនិងអ៊ីរ៉ង់ នៅប្រទេសស្វីស បិទបញ្ចប់

បរទេស៖ កាតានិងប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលបានឱ្យដឹងថា កិច្ចពិភាក្សាជុំដំបូងរវាងក្រុមមន្រ្តីជាន់ខ្ពស់អាមេរិកនិងអ៊ីរ៉ង់នៅប្រទេសស្វ៊ីស បានបិទបញ្ចប់នាថ្ងៃចន្ទនេះ បន្ទាប់ពីវាបានចាប់ផ្តើមបរិយាកាសតានតឹង ដោយសារតែសេចក្តីប្រកាសរបស់ទីក្រុងតេហេរ៉ង់ អំពីការបិទ​ច្រកសមុទ្រ Hormuz សាជាថ្មី ហើយនិងការព្រមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីការវាយប្រហារអ៊ីរ៉ង់ឡើងវិញ។

សេចក្តីថ្លែងការណ៍រួមពីកាតានិងប៉ាគីស្ថាន បាននិយាយថា អាមេរិកនិងអ៊ីរ៉ង់បានយល់ស្របលើផែនការឆ្ពោះទៅសម្រេចឱ្យបាន កិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល៦០ថ្ងៃ។ ស្របពេលដែលកិច្ចពិភាក្សាកម្រិតខ្ពស់បានបិទបញ្ចប់ ការពិភាក្សាកម្រិតបច្ចេកទេស នឹងបន្តពេញមួយសប្តាហ៍នេះ នៅរីសត Burgenstock នៃប្រទេសស្វីស។

តាមសេចក្តីថ្លែងការណ៍ខាងលើ ក៏មានការព្រមព្រៀងគ្នាផងដែរ ​ចំពោះការបង្កើតយន្តការដើម្បីបិទបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ និងការបើកខ្សែបណ្តាញទំនាក់ទំនងមួយ ដើម្បីជួយធានាសុវត្ថិភាព​ដល់ការធ្វើនាវាចរណ៍របស់កប៉ាល់ពាណិជ្ជកម្ម កាត់តាមច្រកសមុទ្រ Hormuz

អនុប្រធានាធិបតីអាមេរិក លោក JD Vance បានបើកកិច្ចពិភាក្សាជាមួយក្រុមមន្រ្តីអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈយោគយល់ ដែលភាគីទាំងពីរបានឈានដល់កាលពីសប្តាហ៍មុន ដើម្បីបន្តបទឈប់បាញ់ផុយស្រួយ តាំងតែពីខែមេសាមក សម្រាប់រយៈពេលយ៉ាងហោច ៦០ថ្ងៃទៅមុខទៀត។ កិច្ចពិភាក្សានោះ បានបន្តឆ្លងចូលដល់​វេលាទាបភ្លឺថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) មុនបិទបញ្ចប់។

ក្នុងការបង្ហោះសារលើបណ្តាញសង្គម រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា កិច្ចពិភាក្សាជាមួយអាមេរិក សម្រេចបានវឌ្ឍនភាពធំ ក្រោមកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់កាតា និងប៉ាគីស្ថាន។ លោក Araqchi បានអះអាងថា ប្រទេសរបស់លោក ធានាបាននូវការលើកលែងចំពោះការនាំចេញប្រេងនិងគីមីឥន្ធនៈ ការដោះលែងទ្រព្យសម្បត្តិមួយចំនួនដែលត្រូវបានបង្កក ហើយនិងការចាប់ផ្តើមផែនការជួសជុលស្ថាបនានិងអភិវឌ្ឍន៍ឡើងវិញ សម្រាប់អ៊ីរ៉ង់។

សូមជម្រាបថា មុនពេលកិច្ចពិភាក្សាប្រុងនឹងចាប់ផ្តើមជាផ្លូវការ កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា លោក ត្រាំ បានគំរាមជាថ្មីម្តងទៀតថា នឹងបន្តការវាយប្រហារឡើងវិញលើអ៊ីរ៉ង់ ប្រសិនបើបរាជ័យសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយ។ ចំណែក អ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងបិទច្រកសមុទ្រ Hormuz វិញ ដោយសារតែអាមេរិកមិនអាចគោរពតាមពាក្យសន្យា ពាក់ព័ន្ធការបញ្ឈប់ការប្រយុទ្ធគ្នា ​នៅលីបង់៕ (Reuters)



 

Powered by Blogger.