ឯកឧត្តម ខូយ រីដា៖ កម្ពុជាប្រកាន់ខ្ជាប់សន្តិភាព ប៉ុន្តែដាច់ខាតមិនលើកលែងចំពោះសត្រូវ ដែលមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាឡើយ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានកម្ពុជាស្រឡាញ់សន្តិភាព និងចង់បានមិត្តភាពជាមួយប្រទេសជិតខាង ប៉ុន្តែប្រសិនបើភាគីណាមួយ នៅតែបន្តមហិច្ឆតាឈ្លានពានមកលើទឹកដីកម្ពុជា យើងក៏មិនលើកលែង ឬអត់ឱនឱ្យជាដាច់ខាត។ កម្ពុជាមានសិទ្ធិពេញលេញ និងត្រៀមខ្លួនជាស្រេចក្នុងការការពារអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស។
ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រធាន
និងអនុប្រធានក្រុមបក្សសង្កាត់ព្រៃញី សរុបចំនួន៦០០នាក់ នាព្រឹកថ្ងៃទី២១ ខែមិថុនា
ឆ្នាំ២០២៦ នៅសាលប្រជុំធំ នៃស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់
ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
កម្ពុជាបាននឹងកំពុងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវយន្តការដោះស្រាយដោយសន្តិវិធី
និងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ។
ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តមប្រធានគណបក្សខេត្ត បានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់
ត្រូវពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ
ក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់គណបក្ស គឺកើតចេញពីការរួបរួមគ្នា។
ដូច្នេះសូមឱ្យលោក លោកស្រី រួមរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ
ប្រកាន់ខ្ជាប់នូវវិន័យបក្ស និងចុះជាប់មូលដ្ឋាន
ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
និងមានប្រសិទ្ធភាពខ្ពស់បំផុត។
ឯកឧត្តម ខូយ រីដា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ
និងសមាជិកបក្សមូលដ្ឋាន ក្នុងការចូលរួមចំណែកការពារសន្តិសុខ
និងអភិវឌ្ឍន៍សង្កាត់ព្រៃញី ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូល
ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមាន
លោក ម៉ក់ រ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមប្រឹក្សាខេត្ត, លោក ងួន ប៉ោសេង ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់ព្រៃញី
រួមជាមួយថ្នាក់ដឹកនាំគណបក្សក្រុង មូលដ្ឋាន សាលារៀន មណ្ឌលសុខភាព
និងតំណាងយុវជនទាំង៨ភូមិផងដែរ៕










Post a Comment